សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការពារជាតិរៀបចំការដំឡើងស័ក្តិ និងរៀបចំមេដាយពិសេសជូនដល់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ ដែលបានចូលរួមប្រយុទ្ធ៥ថ្ងៃ និង២១ថ្ងៃ នាពេលកន្លងទៅ បើទោះបីជាពួកគេទើបតែចូលបម្រើក្នុងជួរកងកម្លាំងក៏ដោយ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកនៅប្រសាសន៍សម្ដេចតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តមបានថ្លែងថា ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសលើកលែងទាំងស្រុងនូវពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់វីរយុទ្ធជនដែលកំពុងឈរជើង ការពារទឹកដីនៅជួរមុខ។ ការផ្តល់ជូនជាពិសេស នេះគឺជាការលើកទឹកចិត្ត និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ពួកគេ។ ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកការចែកបណ្ណកម្មសិទ្ធិអចលនទ្រព្យជូនប្រជាពលរដ្ឋ ក៏ជាផ្នែកមួយនៃការពង្រឹងការការពារជាតិដែរ តាមរយៈការជួយជំរុញសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ គ្រប់ទិសទី ដែលបានពួតដៃគ្នាគាំទ្រដល់វីរយុទ្ធជននៅជួរមុខ និងបានប្រកាសថា ទឹកចិត្តជាតិនិយមរបស់ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន កំពុងពង្រឹងសាមគ្គីជាតិខ្មែរ ដ៏រឹងមាំនៅពីក្រោយ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅក្នុងកាលៈទេសៈដែលកម្ពុជា ទទួលរងការឈ្លានពានទឹកដី៕