នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរខួបលើកទី២៧ «ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦»។
ខួបលើកទី២៧ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, លោកអនុប្រធានមន្ទីរ, លោក លោកស្រី ប្រធានការិយាល័យ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, លោក លោកស្រី ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌទាំង១៤, លោកនាយក លោកស្រីនាយិកា គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ លោកគ្រូ អ្នកគ្រូ គ្រប់គ្រងភ្លេងព្យុហយាត្រា សមាជិក យុវជនក្រុមភ្លេងទាំង៦ក្រុម និងក្រុមស្ទែមទាំង០៣ក្រុម និងតាំងពិព័រណ៌ស្នាដៃយុវជន STEM ផងដែរ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១២ ខែសីហា នៅលើពិភពលោកតែងប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ដើម្បីជាការរំលឹកដល់យុវជនគ្រប់រូប និង បង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសនីមួយៗក្នុងការផ្តល់ឱកាស ក្នុងការការពារ និងកសាងពិភពលោកមួយប្រកបដោយ និរន្តរភាព និងស្រស់បំព្រង។ ជាមួយគ្នានេះដែររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ក្នុងន័យអបអរសាទរ និងរួមចំណែកជាមួយពិភពលោក ក្នុងការកសាងសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍពិភពលោក ។
ជាមួយគ្នានេះ លោក ហែម ស៊ីណារ៉េត សូមគាំទ្រការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏ដូចជាគ្រប់គ្រឹះស្ថានសិក្សា ដែលមានគំនិតផ្តួចផ្តើម ក្នុងការបង្កើតឱ្យមានកម្មវិធីផ្សេងៗដូចជា៖ ចលនា៣ល្អ ការជជែកដេញដោល ការបោះជំរំ ទស្សនកិច្ចសិក្សា និងបណ្តុះបណ្តាលជំនាញខ្លីៗ និងពង្រឹងសមត្ថភាពផ្នែកបំណិនវិជ្ជាជីវៈដល់យុវជន ក្នុងគោលបំណងទាញប្រយោជន៍ពីសេដ្ឋកិច្ច និងធ្វើឱ្យយុវជនជំនាន់ក្រោយមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសម្រួចឆន្ទៈ និងសកម្មភាពអាទិភាព ជំរុញឱ្យមានទេពកោសល្យឆ្លើយតបទៅនឹងតម្រូវការសង្គម-សេដ្ឋកិច្ច ដែលផ្តោតលើលទ្ធផល និងការអនុវត្តផ្ទាល់ គឺជាកត្តាដែលមិនអាចខ្វះបានក្នុងវ័យរបស់ពួកគេ មុនក្លាយទៅជាពលរដ្ឋដ៏មានសក្តានុពលសម្រាប់សង្គមជាតិ៕ អត្ថបទ រដ្ឋា






