ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងនិងថ្នាក់ដឹកនាំពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក អតីតយុទ្ធជន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុប ៤៩២ នាក់។
ក្នុងឱកាសនោះឯកឧត្តម វង សូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចពញាចក្រី ហេង សំរិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជូនដល់អាជ្ញាធរមូលដ្ឋាន និវត្តជន និងអតីតយុទ្ធជន ដោយគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការ និវត្តជន និងអតីតយុទ្ធជនជានិច្ច។
ឯកឧត្តមបន្តថា ការចុះជួបសំណេះសំណាលនេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន ដោយជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តលើកកម្ពស់ការបំពេញភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ ក្នុងនោះអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយផ្តោតលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់សួរសុខទុក្ខ និងជួយឧបត្ថម្ភគាំទ្រនិវត្តជន និងអតីតយុទ្ធជនដែលជួបការលំបាក ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀត៕ អត្ថបទ៖ សេងឡុង





