មន្ដ្រីក្រសួងអប់រំយុវជននិងកីឡា ខេត្ដសៀមរាប បានលើកឡើងថា ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ ជាស្ពានចងភ្ជាប់ទៅកាន់ចំណុចរបត់ផ្លូវជីវិតថ្មី និងជាគ្រឹះយ៉ាងសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់ នៅក្នុងយុគសម័យឌីជីថល ប៉ុន្ដែត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យត្រូវទិសដៅដើម្បីស្រាវជ្រាវចំណេះដឹងថ្មីៗ ខណៈដែលចំណេះដឹងក្នុងសៀវភៅមួយមុខមិនទាន់គ្រប់គ្រាន់ទេ។ឮ
លោក ញឹក សាគុណ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប មានប្រសសន៍បែបនេះ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់មធ្យមសិក្សាបឋមភូមិឆ្នាំសិក្សា២០២៥-២០២៦ នៃសាលារៀនអារីហ្សូនសាខាខេត្តសៀមរាបនៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៦នេះ។
លោកមានប្រសាសន៍បន្ដថា ការប្រគល់វិញ្ញាបនបត្រនេះ ជាលទ្ធផលដ៏ល្អ ដែលសមនឹងការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់មាតាបិតា និងអ្នកអាណាព្យាបាល ព្រមទាំងបានឆ្លុះបញ្ចាំងពីការប្រឹងប្រែងរបស់សាលារៀននិងលោកគ្រូអ្នកគ្រូក្នុងការរួមគ្នាបណ្តុះបណ្តាលកុលបុត្រកុលធីតា ឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនដ៏មានសក្តានុពលនាពេលអនាគត។
លោកបានបន្ដថា ចំណេះវិជ្ជាគឺជាទ្រព្យមិនអាចលួចយកបានឡើយ ហើយការវិនិយោគលើការអប់រំ គឺជាការវិនិយោគរយៈពេលវែងដែលមិនអាចកាត់ថ្លៃបាន ខណៈដែលប្រទេសជាតិអាចរីកចម្រើនទៅបាន លុះត្រាតែប្រជាពលរដ្ឋមានចំណេះដឹងខ្ពង់ខ្ពស់ និងមានការប្តេជ្ញាចិត្តច្បាស់លាស់។
លោក បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែចាត់ទុកវិស័យឯកជន ជាដៃគូយុទ្ធសាស្ត្រប្រកបដោយតម្លាភាពនិងគណនេយ្យភាពព្រមទាំងបន្តពិនិត្យមើលតំបន់ដែលមានសក្តានុពល ដើម្បីសម្របសម្រួលដំណើរការវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពនិងជួយកាត់បន្ថយហានិភ័យផ្សេងៗ ក្នុងគោលដៅរួមគ្នាអប់រំមួយប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។
លោក ម៉ី ភារិទ្ធ នាយកប្រតិបត្តិប្រចាំតំបន់ជុំវិញបឹងទន្លេសាបនៃសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប បានមានប្រសាសន៍ថា ការប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សាថ្នាក់ទី៩ (ជំនាន់ទី១៧)ឆ្នាំសិក្សា២០២៥-២០២៦នាពេលនេះគឺមានសិស្សចំនួន១១៧នាក់ រួមនិងសិស្សពូកែថ្នាក់ខេត្តលេខ២ចំនួន១នាក់ និងសិស្សឆ្នើមប្រចាំស្ថាប័នអប់រំអេជីចំនួន៦នាក់ផងដែរ។លោកមានប្រសាសន៍បន្ថែមទៀតថា ដោយមានការដឹកនាំ និងចាត់ចែងដ៏ល្អរបស់ថ្នាក់ដឹកនាំសាលា បានធ្វើអោយមានការគាំទ្រ និងចូលរួមសហការដ៏ស្មោះស្ម័គ្រពីលោកគ្រូ-អ្នកគ្រូ បុគ្គលិក ជាពិសេសពីសំណាក់មាតាបិតា សហគមជាតិ អន្តរជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នាឆ្នាំសិក្សាកន្លងមក។
លោកថា សាលារៀន អារីហ្សូនខេត្តសៀមរាប បានការយកចិត្តទុកដាក់ពង្រឹង និងជម្រុញលើវិន័យ សណ្តាប់ធ្នាប់ ក្រមសីលធម៌រស់នៅបានល្អ ជាពិសេសកម្មវិធីសិក្សា ប្រចាំឆ្នាំបានចប់សព្វគ្រប់ត្រឹមត្រូវតាមគោលការណ៍ និងការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាផងដែរ។សិស្សានុសិស្សគ្រប់រូបចាប់ពីកម្រិតមត្តេយ្យរហូតដល់ថ្នាក់ទី១២ ត្រូវបានទទួលនូវការបណ្តុះបណ្តាលបំពាក់បំប៉ននូវចំណេះដឹងទូទៅគ្រប់កម្រិត និងគ្រប់លំដាប់ថ្នាក់បានល្អប្រសើរ៕





