បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្ត បានរកឃើញប្រជាពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងឲ្យពួកគេអនុវត្តការធ្វើចត្តាឡីស័ក និងត្រូវបានយកសំណាកពិនិត្យរកជំងឺកូវីដ១៩ ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា អាជ្ញាធរខេត្ត បានកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន ១៣៤នាក់ និងយកចំណាក១៣៤នាក់ ក្នុងអវិជ្ជាមាន១៣៣នាក់ និងលទ្ធផលវិជ្ជមានចំនួនម្នាក់ ។
លោក បានបន្តថា សម្រាប់អ្នកមានវិជ្ជមានកូវីដ១៩នោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ចំពោះស្ថានភាពជំងឺវិញគឺធម្មតា មិនមានអាការៈ ធ្ងន់ធ្ងរនោះទេ ខណៈក្រុមគ្រូពេទ្យជួរមុខ កំពុងខ្វាយខ្វល់ និងយកចិត្តទុកដាក់ព្យាបាល ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា ចាប់ពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២១ អាជ្ញាធរខេត្ត បានបញ្ជូនពលករជាង ១២០០នាក់ ទៅកាន់រាជធានី និងខេត្តផ្សេងៗ និងបច្ចុប្បន្ន មានពលករកំពុងធ្វើចត្តាឡីស័ក តាមមណ្ឌលនានា ក្នុងខេត្តចំនួន ២ ០០៧នាក់ ខណៈកាលពីថ្ងៃទី២១ ខែមិនា មានពលករទើបត្រឡប់មកពីប្រទេសថៃ ឆ្លងដែនតាមច្រកនានា ជាប់ខេត្តបាត់ដំបង មានចំនួន ១៤៣នាក់ ។
របាយការណ៍ បានបន្ថែមថា សម្រាប់ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ គិតត្រឹមថ្ងៃទី២១មិនា នៅក្នុងខេត្តបាត់ដំបង មានចំនួនសរុប ៦ ១៧៩នាក់ ដោយឡែកការចាក់វ៉ាក់សាំងជាលើកទី២ សរុបចំនួន ១ ៩៣០នាក់ ៕
អត្ថបទ ៖ បាន សុខរិទ្ធ