គ្រូបណ្តុះបណ្តាលវិស្វកម្មរថយន្ត បានលើកឡើងថា អ្នកចេះជំនាញផ្នែកយានយន្តអាចរកប្រាក់ចំណូលចាប់ពី ៣០០ ដល់ ៤០០ ដុល្លារ ឬច្រើនជាងនេះ ព្រោះជាវិស័យបច្ចេកទេសដ៏មានសក្តានុពល និងមិនសូវខ្វះការងារធ្វើឡើយ។
លោក ណុន ឌី អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ពិតប្រាកដណាស់ ជំនាញផ្នែកយានយន្ត គឺជាវិស័យទីផ្សារការងារដែលមានសក្តានុពលខ្ពស់ និងអាចរកប្រាក់ចំណូលជាមធ្យម ចាប់ពី ៣០០ដុល្លារ ឡើងទៅអាស្រ័យលើកម្រិតជំនាញ និងបទពិសោធន៍ជាក់ស្តែង។
លោកបានបន្តថា ទីផ្សារជំនាញផ្នែកយានយន្ត និយាយក្នុងកម្រិតដែលលោកធ្លាប់បានបណ្តុះបណ្តាលទៅកាន់សិស្សនាពេលកន្លងមក សម្រាប់កម្រិតមធ្យម·អាចរកចំណូលចាប់ពី ៣០០ ដល់ ៥០០ដុល្លារ ក្នុងមួយខែ។ ហើយប្រសិនបើ·កម្រិតជំនាញខ្ពស់ (ឯកទេស) គឺអាចរកចំណូលលើសពី ៦០០ដុល្លារ ឡើងទៅ ព្រោះចេះជួសជុលប្រព័ន្ធអគ្គិសនីរថយន្ត និងកុំព្យូទ័រយានយន្តទំនើប។ លោកបន្ថែមទៀតថា ជំនាញនេះ សិស្សទាំងអស់មិនត្រឹមតែអាចងាយស្រួលស្វែងរកការងារធ្វើទេ ថែមទាំងអាចបើកជាអាជីវកម្មដោយខ្លួនឯងបានដែរទៅតាមលទ្ធភាពជាក់ស្តែង។
លោក ញិច សុភ័ក្ត គ្រូបច្ចេកទេសជំនាញផ្នែកអគ្គិសនីរថយន្ត នៅក្នុងវិទ្យាស្ថានដូចគ្នាខាងលើ បានឱ្យដឹងដែរថា ជាកាពិតណាស់ ការចាប់យកជំនាញណាមួយសុទ្ធតែល្អ ប៉ុន្តែក្នុងបច្ចុប្បន្ន និងអនាគត យុវជនគួរតែងាកចាប់យកជំនាញផ្នែកយានយន្ត ដោយសារតម្រូវការកម្លាំងពលកម្មជំនាញកាន់តែខ្ពស់ ខណៈការប្រើប្រាស់យានយន្តលើដងផ្លូវក៏កាន់តែមានកំណើនផងដែរ។
ជាមួយនេះ លោកបានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវពិចារណា ឬទៅស្វែងយល់ជំនាញនីមួយៗជាមុនសិន មុនឹងសម្រេចចិត្តចាប់យកអាជីពណាមួយទៅថ្ងៃអនាគត។ លោកបន្ថែមទៀតថា ប្រសិនជាអាច យុវជនគួររៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត ពីព្រោះរាជរដ្ឋាភិបាលបានកំពុងខិតខំទាក់ទាញអ្នកវិនិយោគបរទេសជាច្រើនឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងស្រុកដើម្បីបើកជារោងចក្រ សហគ្រាស ដែលនាំយកឱកាសការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា ទាក់ទិននឹងការចាប់យកជំនាញផ្នែកយានយន្តនៅកម្ពុជាសព្វថ្ងៃនេះ បានកត់សម្គាល់ឃើញថា មានតែសិស្ស មិនថាជាបុរសប៉ុណ្ណោះទេដែលចាប់អារម្មណ៍រៀនជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ប៉ុន្ដែបច្ចុប្បន្ននេះ ក៏ក្លាយជាជំនាញលេចធ្លោមួយក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងៗទៀត ដោយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ៕ អត្ថបទ៖ ឈិត បូរ៉ាវី










