ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយភាពជោគជ័យដ៏ត្រចះត្រចង់ ដោយបានទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិសរុបប្រមាណ ៦,៥០០ នាក់ មកពី ៥១ ប្រទេសចូលរួម ដែលមានកំណើន ២៥% បើធៀបកាលឆ្នាំមុន។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ មិនត្រឹមតែនាំមកនូវភាពរីករាយ និងការភ្ញាក់ផ្អើលដល់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតចំណូលយ៉ាងហោចកន្លះលានដុល្លារ កំឡុងព្រឹត្តិការណ៍រយៈពេលប៉ុន្មានថ្ងៃនេះ។
បើតាមការវាយតម្លៃរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ បានប្រព្រឹត្តទៅយ៉ាងរលូន នៅតំបន់អង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី២ ខែសីហាកន្លងទៅ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងមានការអញ្ជើញចូលរួមជាសក្ខីភាពីលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំជាច្រើនទៀត។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ឆ្នាំនេះ ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ បានផ្ដល់នូវការភ្ញាក់ផ្អើល និងភាពអស្ចារ្យដល់អ្នករត់ ពិសេសអត្តពលិកមកពីចិន ចំពោះទិដ្ឋភាពជារួមនៅតាមតម្រាយផ្លូវរត់ ក្រោយមានការជំរុញគាំទ្រ និងសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពទាក់ទាញ ហើយបង្កើតបានចំណូលដ៏ច្រើនមិនតិចជាងកន្លះលានដុល្លារពីអត្តពលិក ដែលបានមកចូលរួមរត់ និងបន្ដស្នាក់នៅកម្សាន្ដ កំឡុងព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះ។
ទន្ទឹមជាមួយគ្នាផងដែរ យុវជន ដាវុធ វីលី និងយុវជន ដាវុធ អាលីកា ជាបងប្អូនបង្កើតនឹងគ្នាដែលបានចូលរួមរត់ជាមួយឪពុកម្ដាយរបស់ខ្លួន បានសម្ដែងសេចក្ដីរីករាយ ក្នុងការចូលរួមរត់ជុំគ្រួសារ ក្រោមបរិយាកាសដ៏ស្រស់ស្អាត និងសប្បាយរីករាយ ដ្បិតពួកគេយល់ថា ការរត់នេះ មិនត្រឹមផ្ដល់នូវសុខភាពល្អ និងបង្កើតអនុស្សាវរីយ៍ល្អៗជុំគ្រួសារ តែថែមទាំងអាចចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ពិសេសនៅតំបន់បេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោកទៀតផង។
គួរដឹងថា ក្នុងចំណោមអត្តពលិកចូលរួមរត់ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ដែលចូលរួមច្រើនជាងគេ សម្រាប់អត្តពលិកបរទេសចូលរួមច្រើនជាងគេ គឺមានចិន ជប៉ុន និងអង់គ្លេស។ ជាលទ្ធផលវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ លេខ១ ផ្នែកបុរសបានទៅកីឡាករឆ្នើមរបស់កម្ពុជា វ៉ាន់ ភារ៉ា ដោយប្រើថិរវេលា ២ម៉ោង ២១នាទី និង ៨វិនាទី ខណៈលេខ១ ផ្នែកនារី គឺបានទៅកីឡាការិនីកម្ពុជា កាន់ ស្រីរ័ត្ន ប្រើថិរវេលា ៣ម៉ោង ១០នាទី និង ៥៧វិនាទី។
ចំណែកវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ លេខ១ ផ្នែកបុរស បានទៅកីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត ប្រើថិរវេលា ១ម៉ោង ១៣នាទី និង ៥៩វិនាទី តែលេខ១ ផ្នែកនារី បានទៅកីឡាការិនីចិន Yang Cheng ប្រើថិរវេលា ១ម៉ោង ៣២នាទី និង ៥៨វិនាទី។ ក្រៅពីនេះ ក៏មានការផ្ដល់រង្វាន់អនុស្សាវរីយ៍ដល់កីឡាករ-កីឡាការិនី តាមវិញ្ញាសាផ្សេងៗ រួមទាំងការរត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រផងដែរ៕ អត្ថបទ លី ឈុនឡា










