ក្លិបបាល់ទាត់ Brentford បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិម៉ាលី Mamadou Sangare ពីក្លិបបារាំង Lens ក្នុងតម្លៃបំបែកកំណត់ត្រាផ្ទេររបស់ក្លិប។
Sangare វ័យ ២៤ ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ ជាមួយ Brentford ហើយក្លិបក៏មានជម្រើសបន្តកិច្ចសន្យាបន្ថែម ១ ឆ្នាំផងដែរ។
Brentford មិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការនោះទេ ប៉ុន្តែសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា កិច្ចព្រមព្រៀងនេះមានតម្លៃលើសពី ៤២.៥ លានផោន ដែលជាកំណត់ត្រាចាស់របស់ក្លិបក្នុងការផ្ទេរ Dango Ouattara ពី Bournemouth កាលពីរដូវក្តៅឆ្នាំមុន។
រដូវកាលមុន គឺជារដូវកាលដ៏អស្ចារ្យសម្រាប់ Sangare បន្ទាប់ពីបានអភិវឌ្ឍខ្លួនតាមរយៈការខ្ចីជើងជាច្រើនលើក ជាពិសេសបានជួយ Lens បញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងលីគ តាមពីក្រោយ Paris Saint Germain។
Sangare បានបង្ហាញខ្លួន ៣៣ ប្រកួត ឱ្យ Lens រដូវកាលមុន បន្ទាប់ពីផ្ទេរមកពីក្លិបអូទ្រីស Rapid Vienna។
សម្រាប់ក្រុមជម្រើសជាតិម៉ាលី Sangare បានបង្ហាញខ្លួន ១៦ ប្រកួត និងជាសមាជិកក្រុមដែលបានចូលរួមការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations 2025៕ អត្ថបទ៖នាង សុភាវុធ


