សមាគមបាល់ទាត់អង់គ្លេស FA ត្រៀមចូលរួមជាមួយសមាគមបាល់ទាត់វែល ក្នុងការដកការគាំទ្រចំពោះការឈរឈ្មោះបន្តអាណត្តិជាប្រធាន FIFA របស់លោក Gianni Infantino ខណៈការរិះគន់លើគម្រោងលក់ភាគហ៊ុន World Cup ដែលបានបរាជ័យ កំពុងកើនឡើងជាបន្តបន្ទាប់។
គម្រោងរបស់ FIFA ដែលមានបំណងលក់ភាគហ៊ុនប្រហែល ២០% នៃអង្គភាពពាណិជ្ជកម្មថ្មី ដែលគ្រប់គ្រងការប្រកួតរួមទាំង FIFA World Cup ដើម្បីទាក់ទាញទុនវិនិយោគឯកជនរហូតដល់ ៤.២ ពាន់លានដុល្លារ ត្រូវបានបោះបង់កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីភាគីពាក់ព័ន្ធ។
មុននេះ សមាគមបាល់ទាត់វែល បានក្លាយជាសហព័ន្ធបាល់ទាត់ជាតិដំបូងគេ ដែលប្រកាសជាផ្លូវការថា ដកការគាំទ្រចំពោះលោក Infantino។
សម្ពាធលើប្រធាន FIFA កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងសហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប CONCACAF បានប្រកាសកាលពីថ្ងៃសៅរ៍ថា ពួកគេបានបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់លោក Infantino។
UEFA ដែលជាអ្នកដឹកនាំការប្រឆាំងគម្រោងលក់ភាគហ៊ុននេះ មិនទាន់បញ្ជាក់ចំពោះព័ត៌មានដែលថា ខ្លួនកំពុងត្រៀមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង FIFA នោះទេ។
ទោះជាយ៉ាងណា UEFA បានបញ្ជាក់ថា ខ្លួនបានចេញបទបញ្ជារក្សាទុកឯកសារ (Document Preservation Order) ដែលហាមឃាត់ការលុបអ៊ីមែល ឯកសារ ឬទិន្នន័យផ្សេងៗដែលអាចពាក់ព័ន្ធនឹងការស៊ើបអង្កេតនាពេលខាងមុខ។
លោក Gianni Infantino បានប្រកាសតាំងពីខែមេសាថា លោកមានបំណងឈរឈ្មោះបន្តអាណត្តិជាលើកទី ៤ ជាប្រធាន FIFA។ ចាប់តាំងពីឡើងកាន់តំណែងជំនួសលោក Sepp Blatter ក្នុងឆ្នាំ ២០១៦ មក លោកត្រូវបានជាប់ឆ្នោតដោយគ្មានគូប្រជែងចំនួនពីរលើកជាប់ៗគ្នា។
ទោះបីជាការបន្តអាណត្តិសម្រាប់ឆ្នាំ ២០២៧-២០៣១ ធ្លាប់ត្រូវបានគេមើលឃើញថា ភាគរយខ្ពស់ដែលបុរសសញ្ជាតិស្វ៊ីសរូបនេះឈ្នះបន្តក៏ដោយ ប៉ុន្តែបរាជ័យនៃគម្រោងលក់ភាគហ៊ុន World Cup និងការបាត់បង់ការគាំទ្រពីសហព័ន្ធធំៗ កំពុងធ្វើឱ្យអនាគតនយោបាយរបស់លោក Gianni Infantino ស្ថិតក្រោមភាពស្រពិចស្រពិលបំផុត៕ អត្ថបទ៖នាង សុភាវុធ

