ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអតីតពលករនៅថៃ បានអំពាវនាវដល់ពលករខ្មែរត្រឡប់មកពីថៃងាកមកធ្វើការក្នុងស្រុកវិញ ខណៈគិតត្រឹមដើមខែសីហា ឆ្នាំ២០២៦នេះ រោងចក្រ សហគ្រាសជាច្រើននៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស កំពុងមានតម្រូវការកម្លាំងពលកម្មថ្មីៗបន្ថែមទៀតយ៉ាងខ្លាំង ដើម្បីពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងនោះឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង លើគ្រប់វិស័យ ដែលកំពុងបើកចំហរង់ចាំប្រជាពលរដ្ឋ ជាពិសេសគឺការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងឱ្យដឹងថា ឱកាសការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈវេទិកាការងារ ឬទាក់ទងទៅកាន់លេខ ១២៩៧ ដែលបច្ចុប្បន្នមានចំនួនជាង ៩ម៉ឺនកន្លែង នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។
ឱកាសការងារទាំងនេះមានលក្ខណៈចម្រុះ ចាប់តាំងពីកម្រិតគ្មានជំនាញ ជំនាញកម្រិតទាប មធ្យម រហូតដល់បច្ចេកទេសជាន់ខ្ពស់ នៅក្នុងវិស័យចម្បងៗ មានដូចជា៖ វិស័យឧស្សាហកម្ម និងកម្មន្តសាល, វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម និងវិស័យសេវាកម្មនិងសំណង់ ដែលសុទ្ធសឹងមានតម្រូវការខ្ពស់។
ទាក់ទិនការលើកឡើងខាងលើនេះ លោក គង់ អ៊ុង ប្រធានសហជីពមូលដ្ឋាន ក៏ដូចជាកម្មករ កម្មការិនី នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ហួយ ស៊ីនទូ ខេមបូឌា ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះថា ការងារនៅក្នុងស្រុកសព្វថ្ងៃនេះពិតជាមានតម្រូវការច្រើន ដោយសារឃើញរោងចក្រ សហគ្រាសបានបើកដំណើរការច្រើនជាបន្តបន្ទាប់ និងផ្សព្វផ្សាយដំណឹងការជ្រើសរើសបុគ្គលិកជារៀងរាល់ថ្ងៃផងដែរ។
សហជីព និងក្រុមកម្មករ បានអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីថៃ ងាកមកធ្វើការក្នុងស្រុកវិញឱ្យបានច្រើន ខណៈឱកាសការងារមានច្រើនសម្បូរបែបកំពុងរង់ចាំ។ ការបំពេញការងារនៅក្នុងស្រុក មិនត្រឹមតែផ្តល់ប្រាក់ចំណូលសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវសុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថប្រយោជន៍សង្គមស្របតាមច្បាប់ជាធរមាន ពិសេសបានរស់នៅជួបជុំក្រុមគ្រួសារ និងសាច់ញាតិបងប្អូន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានខិតខំប្រមូល និងបង្កើតឱកាសការងារជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ។ ក្រសួងការងារ បានអះអាងថា នឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារនៅក្នុងស្រុក និងលើកកម្ពស់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងស្របច្បាប់ សំដៅការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់៕ អត្ថបទ៖ ឈិត បូរ៉ាវី


