ក្រចេះ៖ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការផ្តល់អំណោយសម្រាលការលំបាកដល់ពួកគាត់ចំនួន ១០៣១ គ្រួសារ ស្ថិតក្នុងស្រុកឆ្លូង, ស្រុកចិត្របុរី, ស្រុកស្នួល, និងស្រុកសំបូរ ខេត្តក្រចេះទទួលអំណោយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជា ដែលប្រគល់ជូនដោយឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ចាប់ពីថ្ងៃទី១-៧ ខែ ឧសភា ២០២២នេះ។
ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា «ក្នុងបេសកកម្មមនុស្សធម៌រយៈពេល៧ថ្ងៃ នៅលើទឹកដីខេត្តក្រចេះនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តមផ្ទាល់ នាំយកអំណោយទាំងនេះ មកផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតរួមមាន ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាកូនច្រើន និងជនមានពិការភាពជាដើម។
មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមកទទួលអំណោយនៅតាមទីតាំងនីមួយៗ ឯកឧត្តមតែងតែពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ មនោសញ្ជេតនាយ៉ាងជ្រាលជ្រៅ ដោយសម្តេចតែងតែគិតគូរ ពីជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ថ្វីបើសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មានទុក្ខដ៏ក្រៀមក្រំបំផុតក្នុងក្រុមគ្រួសារក៏ដោយ។
ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមបរិច្ចាគធនធានថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការបំពេញសកម្មភាពមនុស្សធម៌ជូនជនរងគ្រោះបន្តទៀត។
សូមបញ្ជាក់ថាការចែកជូនអំណោយនៅក្នុងខេត្តក្រចេះនេះក្រៅពីប្រគល់នៅតាមទីតាំងនីមួយៗ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត និងក្រុមការងារ សាខា អនុសាខា គឺបានចុះទៅតាមខ្នងផ្ទះ និងបាននាំយកអំណោយ ជូនដល់លោកយាយ លោកតា ដែលជាជនចាស់ជរា គ្មានទីពឹង មិនអាចធ្វើដំណើរបានមួយចំនួនទៀតផងដែរ។ ក្នុងនោះដែរមានគ្រួសារជនពិការចំនួន៣គ្រួសារ ដែល១គ្រួសារធ្លាប់បានទទួលអំណោយផ្ទះទេវតាមួយខ្នងនៅឆ្នាំ២០១៣ ស្ថិតនៅភូមិប្រវ៉ាញ ឃុំ២ធ្នូ ស្រុកស្នួល។ គ្រួសារទី២ ជាស្ត្រីមេម៉ាយពិការភ្នែក រស់នៅជាមួយកូនប្រុសម្នាក់ ធ្លាប់បានទទួលផ្ទះមួយខ្នងពីក្រុមការងារថ្នាក់ស្រុក និងគ្រួសារទី៣ ស្ថិតក្នុងវ័យ២៥ឆ្នាំពិការភ្នែកដូចគ្នា កន្លងមកក៏បានទទួលផ្ទះ១ខ្នងពីមេបញ្ជាការវរសេនាតូចលេខ៤ផងដែរ។
ប្រជាពលរដ្ឋទាំង ១,០៣១ គ្រួសារ ដែលបានទទួលអំណោយទាំងនេះ បានសម្តែងនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរធម៌ របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែគិតគូរជានិច្ច ដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព។ សូមជម្រាបថាក្រុមការងារកាកបាទក្រហមកម្ពុជា បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្នុងខេត្តក្រចេះ និងបន្តប្រតិបត្តិការទៅខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់ទៀត៕











