សហព័ន្ធបាល់ទាត់កូតឌីវ័រ បានប្រកាសជាផ្លូវការនៅថ្ងៃអង្គារថា គ្រូបង្វឹកជនជាតិបារាំង Hervé Renard ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២ បន្ទាប់ពីធ្លាប់ដឹកនាំក្រុមឈ្នះជើងឯក Africa Cup of Nations កាលពីឆ្នាំ២០១៥។

បុរសវ័យ ៥៧ ឆ្នាំរូបនេះ នឹងចូលមកជំនួសតំណែងលោក Emerse Faé ដែលមិនត្រូវបានបន្តកិច្ចសន្យា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ទោះបីកូតឌីវ័រអាចឆ្លងផុតវគ្គចែកពូល និងឡើងទៅកាន់វគ្គជម្រុះជាលើកដំបូងក្នុងការចូលរួម World Cup ចំនួន ៤ លើកក៏ដោយ ក្រុមបានបញ្ចប់ដំណើរត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ ក្រោយចាញ់ន័រវេស។
មុនវិលត្រឡប់មកកាន់កូតឌីវ័រ Renard បានចូលកាន់តំណែងជាបន្ទាន់ដើម្បីដឹកនាំក្រុមជម្រើសជាតិទុយនេស៊ី អំឡុងពេល World Cup 2026 បន្ទាប់ពីក្រុមបរាជ័យយ៉ាងធ្ងន់ ៥-១ ក្រោមថ្វីជើងស៊ុយអែតក្នុងការប្រកួតបើកឆាក។ ទោះជាយ៉ាងណា លោកមិនអាចស្តារស្ថានការណ៍បានឡើយ ខណៈទុយយនេស៊ីបន្តចាញ់ជប៉ុន និងហូឡង់ ហើយរបូតគ្រាប់បាល់បន្ថែម ៧ គ្រាប់។ ទុយនេស៊ីក៏ជាក្រុមអាហ្វ្រិកតែមួយគត់ ក្នុងចំណោម ១០ ក្រុម ដែលមិនអាចឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយបាន។
Renard មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិជាច្រើន រួមមាន អង់ហ្គោឡា ហ្សាំប៊ី ម៉ារ៉ុក និងអារ៉ាប៊ីសាអូឌីត។ លោកធ្លាប់ដឹកនាំហ្សាំប៊ីឈ្នះជើងឯកទ្វីបអាហ្វ្រិកឆ្នាំ២០១២ និងកូតឌីវ័រឆ្នាំ២០១៥ ដែលធ្វើឱ្យលោកក្លាយជាគ្រូបង្វឹកម្នាក់មានកំណត់ត្រាលេចធ្លោបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អាហ្វ្រិក។
ក្រៅពីនេះ លោកក៏ធ្លាប់ដឹកនាំក្រុមបាល់ទាត់នារីជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ FIFA Women's World Cup ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសផងដែរ។
ភារកិច្ចធំបន្ទាប់របស់ Renard គឺការដឹកនាំកូតឌីវ័រប្រជែងពាន Africa Cup of Nations ឆ្នាំ២០២៧ ដែលនឹងរៀបចំរួមគ្នាដោយប្រទេសកេនយ៉ា តង់ហ្សានី និងអ៊ូហ្គង់ដា៕ អត្ថបទ៖នាង សុភាវុធ
