កណ្ដាល៖ ឯកឧត្តម ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកលើកដែក ខេត្តកណ្ដាល បានជំរុញទៅសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវបន្តប្ដូរឥរិយាបទបន្ទន់ខ្លួន និងចេះទទួលយកការរិះគន់របស់ពលរដ្ឋ ដើម្បីយកមកកែលម្អចំណុចខ្វះខាត ។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅឃុំក្អមសំណរ ស្រុកលើកដែក ជាង ៤០០នាក់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា សមាជិកបក្សទាំងអស់បោះឆ្នោតជូនបេក្ខជនឈរឈ្មោះគណបក្សប្រជាជនកម្ពុជា ត្រូវពង្រឹងគុណភាពបក្ស តាមរយៈគោលការណ៍ “សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក” ។
ឯកឧត្តម បន្តថា សមាជិកគណបក្ស ត្រូវបន្តរៀបចំកម្លាំងស្នូលគណបក្ស បន្តចុះឲ្យដល់គ្រប់ទីកន្លែងក្នុងមូលដ្ឋាន ចុះគ្រប់តាមគ្រួសារបក្ស និងកែលំអររាល់សកម្មភាពអវិជ្ជមានដែលខ្លួនមាន ហើយត្រូវពិនិត្យអត្តសញ្ញាណប័ណ្ណ និងឈ្មោះបោះឆ្នោត នៅទីតាំងដែលខ្លួនបោះឆ្នោតឲ្យបានច្បាស់លាស់ ។
ឯកឧត្តម ហេង រតនា បានណែនាំឲ្យក្រុមការងារគណបក្ស ត្រូវបន្តប្តូរឥរិយាបទ បន្ទាបខ្លួន និងហ៊ានទទួលយកនូវការតិះទៀនទាំងឡាយ ពីប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវបន្តកែលំអររាល់ទង្វើអវិជ្ជមាន និងយកចិត្តទុកដាក់បន្ថែមចំពោះទុក្ខធុរៈ របស់ប្រជាពលរដ្ឋ សមាជិកបក្ស និងក្រុមគ្រួសារបក្ស។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ពលីគ្រប់បែបយ៉ាង និងគាំទ្រដល់សកម្មភាពនានា របស់គណបក្សនៅតាមមូលដ្ឋាន ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ៕ អត្ថបទ៖ បាន សុខរិទ្ធ




