ក្លិបបាល់ទាត់ MOI Kompong Dewa បានប្រកាសជាផ្លូវការអំពីការនាំយកកីឡាករជនជាតិប្រេស៊ីលចំនួន ២ រូប ដើម្បីពង្រឹងសមត្ថភាពក្រុម សម្រាប់ការប្រកួតនារដូវកាលថ្មី។

កីឡាករទាំងពីររូបនោះរួមមាន Mauricio Barbosa និង Charlestion Silva dos Santos ដែលសុទ្ធសឹងជាកីឡាករមានបទពិសោធន៍ក្នុងបាល់ទាត់ប្រេស៊ីល និងត្រៀមចូលរួមជួយ MOI Kompong Dewa សម្រេចគោលដៅរបស់ក្លិប។

Mauricio Barbosa បច្ចុប្បន្នវ័យ ៣១ ឆ្នាំ ជាកីឡាករលេងនៅតំណែងខ្សែការពារកណ្តាល ដែលមានបទពិសោធជោគជាំជាមួយក្លិបប្រេស៊ីលជាច្រើន។
Barbosa មុនមកដល់ MOI Kompong Dewa គេបានប្រកបអាជីពរយៈពេល ២ រដូវកាលនៅក្លិបបាល់ទាត់ Olympiakos Nicosia នៅលីគកំពូល Cyprus និងធ្លាប់ចំណាយពេល ២ រដូវកាលផងដែរនៅក្លិបវៀតណាម HAGL FC ពីឆ្នាំ ២០២១ ដល់ ២០២៣។

ចំណែក Charleston ក៏ជាកីឡាករប្រេស៊ីលដែលលេងតំណែងការពារកណ្តាលផងដែរ និងបានផ្ទេរពីក្លិបនៅលីគកំពូលម៉ាល់តា Hibernians FC។
បច្ចុប្បន្នវ័យ ២៦ ឆ្នាំ Charleston ធ្លាប់ចំណាយពេលនៃអាជីពបាល់ទាត់របស់ខ្លួនជាមួយក្លិបជាច្រើនប្រទេសដូចជា ប្រេស៊ីល ប៊ុលហ្ការី និង កាហ្សាក់ស្ថានជាដើម។

ការមកដល់របស់កីឡាករប្រេស៊ីលកំពង់ជិត ២ ម៉ែត្រទាំងពីរ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនគុណភាពទាំងផ្នែកការពារ និងការរៀបចំការលេងរបស់ក្រុម ខណៈ MOI Kompong Dewa កំពុងបន្តរៀបចំកម្លាំងឱ្យកាន់តែរឹងមាំ ដើម្បីប្រកួតប្រជែងក្នុងការប្រកួតនាពេលខាងមុខ។
ការចុះហត្ថលេខាលើកីឡាករថ្មីនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្លិប ក្នុងការកសាងក្រុមដែលមានសមត្ថភាពខ្ពស់ និងអាចប្រជែងជាមួយក្លិបធំៗនៅក្នុងបាល់ទាត់កម្ពុជា៕ អត្ថបទ៖នាង សុភាវុធ

