នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានថ្លែងកាលពីថ្ងៃទី ៥ ខែសីហាថា លោកលែងមានទំនុកចិត្តលើប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បន្ទាប់ពីភាពចម្រូងចម្រាសជុំវិញគម្រោងលក់សិទ្ធិពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងការប្រកួត FIFA World Cup។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Toronto លោក Carney បានរិះគន់យ៉ាងខ្លាំងចំពោះវិធីសាស្ត្រគ្រប់គ្រងរបស់លោក Infantino ដោយលើកឡើងថា ការមិនបង្ហាញព័ត៌មានសំខាន់ៗទៅកាន់ទីប្រឹក្សាជិតស្និទ្ធ ប្រតិបត្តិករជាន់ខ្ពស់ និងសមាជិកក្រុមប្រឹក្សាគ្រប់គ្រងរបស់ខ្លួន គឺជាកំហុសធ្ងន់ធ្ងរមួយផ្នែកអភិបាលកិច្ច។
«គំនិតដែលថា អភិបាលកិច្ចល្អមិនអាចកើតមានបានឡើយ នៅពេលដែលអ្នកមិនបង្ហាញព័ត៌មានសំខាន់ទៅកាន់ទីប្រឹក្សាជិតស្និទ្ធ ប្រធានប្រតិបត្តិការ និងសមាជិកក្រុមប្រឹក្សារបស់ខ្លួន វាគឺជារឿងដែលមិនអាចទទួលយកបាន។ នោះគួរតែជាកំហុសធ្ងន់ធ្ងរដែលនាំឱ្យបាត់បង់ទំនុកចិត្ត»។
«ចំពោះខ្ញុំ ខ្ញុំលែងមានទំនុកចិត្តលើលោក Gianni Infantino ទៀតហើយ បន្ទាប់ពីអ្វីដែលបានកើតឡើង»។
ការលើកឡើងរបស់លោក Mark Carney កើតមានបន្ទាប់ពី FIFA បានសម្រេចដកចេញនូវគម្រោងលក់ភាគហ៊ុន ២០% នៃអង្គភាពសិទ្ធិពាណិជ្ជកម្មថ្មី ដែលមានគោលបំណងប្រមូលថវិកាប្រមាណ ៤,២ ពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍបាល់ទាត់។ គម្រោងនេះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពី UEFA សមាគមសមាជិកជាច្រើន និងមន្ត្រីជាន់ខ្ពស់របស់ FIFA ជុំវិញបញ្ហាតម្លាភាព និងអភិបាលកិច្ច។
សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីកាណាដា ក៏បានបន្ថែមសម្ពាធលើលោក Gianni Infantino ខណៈប្រធាន FIFA រូបនេះកំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំង មុនការបោះឆ្នោតជ្រើសរើសប្រធាន FIFA អាណត្តិបន្ទាប់នៅឆ្នាំ២០២៧៕ អត្ថបទ៖នាង សុភាវុធ

