លោកប្រធានាធិបតីអាមេរិក Donald Trump បានបដិសេធសំណើរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymr Zelenskyy សម្រាប់ខែលការពារប៉ាទ្រីយ៉ូត(Patriot) ស្ទាក់ចាប់មីស៊ីលរាប់រយគ្រាប់បន្ថែមទៀតក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅការិយាល័យ Oval កាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Financial Times កាលពីថ្ងៃទី៥សីហា ដោយដកស្រង់ប្រភពដែលដឹងបញ្ហានេះ។

លោក Trump បានលើកឡើងពីកង្វះខាតស្តុកអាវុធរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ប្រព័ន្ធការពារទាំងនោះត្រូវការដើម្បីការពារទ្រព្យសម្បត្តិរបស់អាមេរិកនៅមជ្ឈិមបូព៌ា និងប្រទេសឈូងសមុទ្រក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។
កងកម្លាំងរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនកាលពីយប់ថ្ងៃពុធទី ៥ ខែសីហា ដោយមីស៊ីលប្រឆាំងនាវា Zircon/Oniks ចំនួនបួនគ្រាប់ និងមីស៊ីលផ្លោង Iskander-M/S-400 ចំនួន២៤ គ្រាប់។ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនមិនអាចស្ទាក់ចាប់មីស៊ីលបានសូម្បីតែមួយគ្រាប់។
លោក Zeleksnkyy បាននិយាយថា ការវាយប្រហារលើទីក្រុងគីវ និងតំបន់ជុំវិញនោះ បានសម្លាប់មនុស្ស ១៧ នាក់ និងរបួស ៤៤ នាក់ផ្សេងទៀត។ ការវាយប្រហារទាំងនោះភាគច្រើនផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្លូវដែក។
លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសរសេរថា ប្រសិនបើមានមីស៊ីលស្ទាក់ចាប់មីស៊ីលផ្លោង វាពិតជាអាចជួយសង្គ្រោះជីវិតអ្នកដែលត្រូវបានសម្លាប់នៅថ្ងៃនេះ។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលដៃគូរបស់អ៊ុយក្រែនត្រូវយល់ថា ការពន្យារពេលក្នុងការផ្គត់ផ្គង់ខែលការពារដែនអាកាស ឬការមិនមានឆន្ទៈក្នុងការផ្តល់ប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង នាំទៅដល់ការស្លាប់ និងរបួស និងការបំផ្លិចបំផ្លាញដ៏គួរឱ្យរន្ធត់បែបនេះ៕


