ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានចាត់ទុកលទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃបើកឆាកដំបូង នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី គឺជាកាដូ និងជាសារជូនពរដ៏ថ្លៃថ្លា ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ការឧទ្ទេសជ័យលាភីជូនសម្ដេចតេជោ ក្នុងថ្ងៃមង្គលសួស្ដីនេះ បន្ទាប់ពីក្រុមកីឡាតេក្វាន់ដូ ITF បានចាប់ផ្ដើមយុទ្ធនាការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី ឆ្នាំ២០២៦ កាលពីថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃបើកការប្រកួតផ្លូវការ ហើយដណ្ដើមបានមេដាយសរុបចំនួន ៨គ្រឿងបណ្ដោះអាសន្ន រួមមានមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៣ លើវិញ្ញាសាផ្សេងៗគ្នា។

ជាមួយគ្នា ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានគូសបញ្ជាក់ពីទីក្រុង Ulaanbaatar ថា ជ័យលាភី និងសមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃបើកឆាកនេះ ត្រូវបានក្រុមកីឡាករ-កីឡាការិនី ប្រតិភូដឹកនាំ និងគ្រូបង្វឹកទាំងអស់ ចាត់ទុកជា «កាដូ និងសារជូនពរដ៏ថ្លៃថ្លា» ចេញពីបេះដូងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាខួបកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ។
ឯកឧត្តមបន្ថែមទៀតថា ស្មារតីតស៊ូ និងលទ្ធផលដ៏គាប់ប្រសើរនៅលើសង្វៀនអន្តរជាតិនេះ គឺជាប្រភពថាមពលយ៉ាងធំធេង និងជាមោទនភាពសម្រាប់ប្រតិភូកីឡាកម្ពុជាទាំងមូល។ ប្រតិភូ និងក្រុមកីឡាករ-កីឡាការិនីទាំងអស់ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំ និងជាឃឿនការពារសន្តិភាព និងការអភិវឌ្ឍសម្រាប់ជាតិមាតុភូមិ។
គួរដឹងថា ក្នុងបេសកកម្មប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី ឆ្នាំ២០២៦ ដែលប្រទេសម៉ុងហ្គោលី ធ្វើម្ចាស់ផ្ទះនេះ គ្រោងនឹងបញ្ចប់នាថ្ងៃទី៩ ខែសីហាខាងមុខ ដោយកម្ពុជា មានថ្នាក់ដឹកនាំមន្ត្រីអាជ្ញាកណ្តាលអន្តរជាតិម្នាក់ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុប ៤៧នាក់ចូលរួម ក្នុងនោះមានកីឡាករ-កីឡាការិនី ៣២នាក់ ជាក្រុមយុវជនថ្នាល និងក្រុមឈុតធំ ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិ លើវិញ្ញាសាជាច្រើន។ អ្វីដែលពិសេសទៀតនោះ កម្ពុជា ក៏ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ នាឆ្នាំ២០២៨ ទៀតផង៕ អត្ថបទ លី ឈុនឡា










