ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិច្ចប្រជុំ ACCSM និង ACCSM+3 បានមានប្រសាសន៍ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM និង ACCSM+3 ឆ្នាំ២០២៦ គឺជាឱកាសដ៏សំខាន់ក្នុងការចែករំលែកបទពិសោធន៍ និងសមិទ្ធផលនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ជូនដល់បណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ +៣ ដែលបានចូលរួមកិច្ចប្រជុំនេះ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវិស័យមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំអាស៊ានបូកបី (ACCSM+3) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ថា ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើវិស័យមុខងារសាធារណៈលើកទី២៣ (23rd ACCSM) និង កិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។
នេះជាលើកទី២ហើយ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ានបូកបី ក្នុងការជំរុញនវានុវត្តន៍ ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំទាំងពីរនេះ។ ឯកឧត្ដមបានកោតសរសើរថា ការៀបចំមានភាពម៉ត់ចត់ ច្បាស់លាស់ និងទទួលបាននូវស្នាមញញឹម ភាពកក់ក្តៅ និងសុខសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់។ ការរៀបចំកិច្ចប្រជុំនេះគឺទទួលបានលទ្ធផលជាទីមោទនៈជាច្រើន រួមមាន ការអនុម័តចេញសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី ការជំរុញនវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង។ ឯកឧត្ដម បញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍រួមនេះ គឺទទួលបានការកោតសរសើរជាខ្លាំងពីបណ្តារដ្ឋជាសមាជិកអាស៊ាន និងប្រទេសដៃគូ +៣ ដែលបានចូលរួមកិច្ចប្រជុំថា វាមានភាពចាំបាច់ក្នុងការជំរុញនវានុវត្តន៍នៅក្នុងសេវាសាធារណៈរបស់រដ្ឋ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមទៀតថា កម្ពុជាបានដឹកនាំសម្របសម្រួលទៅលើអ្វីជាលក្ខខណ្ឌយោងនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ និង វិធានការនៃនីតិវិធីកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពី កិច្ចការមុខងារសាធារណៈ។ នេះគឺឆ្លុះបញ្ចំាងថា កម្ពុជាបានរៀបចំឯកសារគតិយុទ្ធកាន់តែរឹងមាំថែមទៀត ដែលជាមូលដ្ឋានសម្រាប់ដំណើរការកិច្ចប្រជុំ ACCSM លើកក្រោយៗទៀត។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចសហការបណ្តាញរដ្ឋបាលថ្នាក់មូលដ្ឋានក្នុងអាស៊ាន ផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ទៀតថា បទពិសោធន៍ដែលកម្ពុជាបានចែករំលែក ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងផ្តោតលើការបម្រើប្រជាពលរដ្ឋជាស្នូល ស្របតាមចក្ខុវិស័យនៃការធ្វើទំនើបកម្មវិស័យសាធារណៈ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានសម្តែងការត្រៀមខ្លួនក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹងជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីរួមចំណែកលើកកម្ពស់ឧត្តមភាពនៃអភិបាលកិច្ច និងការអភិវឌ្ឍវិស័យសេវាសាធារណៈនៅក្នុងតំបន់៕ អត្ថបទ៖ ធូ វិរៈ
