ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែឧសភានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៣០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវព្រះរាជបណ្តាំ ផ្ញើសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនចំពោះបងប្អូនខ្មែរឥស្លាមទាំងអស់ ដែលរងគ្រោះដោយអគ្គីភ័យនេះ។ ថ្វីបើសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន លោកមានទុក្ខដ៏ក្រៀមក្រំបំផុតក្នុងក្រុមគ្រួសារក៏ដោយ ក៏លោកនៅតែចូលរួមសោកស្តាយ អាណិតអាសូរ ជាពន់ពេក ចំពោះឧប្បត្តិវហេតុនេះ។ ដោយមិនប្រកាន់ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរលោកជំទាវ ក៏បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះឧប្បត្តិវហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន និងសម្ភារអស់គ្មានសល់។ លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។ ដូចនេះពេលមិននៅឬចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គីសនី ពន្លត់ភ្លើង ទៀន ធូប ចង្ក្រានហ្គាស ជាមុនសិន ដើម្បីបង្ការក្រែងកើតមានមហន្តរាយផ្សេងៗ។
បន្ថែមពីនោះទៀតលោកជំទាវ ក៏បានអំពាវអោយបងប្អូនទាំងអស់ត្រូវនៅរស់ស្អាត មានអនាម័យ និងថែទាំងសុខភាពឱ្យបានល្អ ព្រោះបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល ក្តៅ ភ្លៀងផ្គររន្ទះ។ លើសពីនោះទៀតសូមបងប្អូនបន្តចូលរួមទប់ស្តាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ បើទោះបីស្ថានភាពមានការថយចុះក៏ដោយ និងសូមឱ្យបងប្អូនអញ្ជើញទៅចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ១៩ ដូសទី៣ និងទី៤អោយបានគ្រប់ៗគ្នា។
លោកជំទាវបញ្ជាក់ថាអំណោយទាំងអស់ ដែលយកមកចែកជូនបងប្អូននាពេលនេះ គឺបានមកពីសប្បុរជនគ្រប់ទិសទីដែលបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២២នេះ។
សូមបញ្ជាក់ថា គ្រួសារដែលទទួលអំណោយនាពេលនេះមានចំនួន៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ទឹកត្រី២យួរ,ទឹកស៊ីអ៊ីវ២យួរ, ជែលលាងដៃ១ដប តង់១ ក្រមា ម៉ុង ភួយ និងថវិកា១០ម៉ឺនរៀល៕
ជម្រាបថាកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នងទាំងស្រុង និង៣ខ្នងទៀតឆេះរោល តែមិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ដែលហេតុការណ៍នេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕ អត្ថបទ ៖ សំ ងីម









