ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) សម្រាប់វគ្គជម្រុះពូលC កំពុងឡើងកម្ដៅ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៣ ដោយក្រុមនីមួយៗ បានបង្ហាញភាពខ្លាំង និងមានឱកាសស្វែងរកពិន្ទុរៀងៗខ្លួន។
ក្នុងចំណោមបេក្ខភាព ៤ក្រុម សុទ្ធតែរកបានពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២ប្រកួត ក្នុងនោះសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល រកបាន ៤ពិន្ទុ ឈរលេខ១ ក្រោយវាយបកស្មើម្ចាស់ផ្ទះភ្នំដាមហានគរខេត្តតាកែវ ៣-៣ ខណៈក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានហក់មកឈរលេខ២ បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ២-១ កាលពីថ្ងៃពុធកន្លងទៅ។
ក្រោយចែកគ្នា ១ពិន្ទុជាមួយក្រុមម្ចាស់ផ្ទះតាកែវ លោក ហង់ សុខនូ គ្រូបង្វឹកក្រុមសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាលថា ក្រុមខ្លួនបានបង្កកំហុសបច្ចេកទេសមួយចំនួន ទើបធ្វើឲ្យការប្រកួតបញ្ចប់ដោយភាពស្វិតស្វាញ រហូតដល់ម៉ោងបន្ថែម ទើបអាចមានឱកាសរកបានគ្រាប់តាមស្មើ ៣-៣ ទល់ក្រុមភ្នំដាមហានគរខេត្តតាកែវ ដែលជាលទ្ធផលមួយល្អ ហើយលោកនឹងបន្ដពង្រឹងក្រុមឲ្យបានកាន់តែល្អនៅប្រកួតបន្ទាប់។
ដោយឡែកលោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមភ្នំដាមហានគរខេត្តតាកែវ ក៏បានលើកពីចំណុចខ្វះខាតរបស់ក្រុម ពិសេសពាក់ព័ន្ធនឹងកម្លាំង ដ្បិតកូនក្រុមភាគច្រើនជាអ្នកធ្វើការ និងសិស្ស មិនមានពេលហាត់គ្រប់គ្រាន់ ។ បែបនេះក្ដីលោកចាត់ទុកការប្រកួតស្មើជាលើកទី២ គឺជារឿងល្អមួយ ព្រោះខេត្តកណ្ដាល គឺជាក្រុមល្អមួយក្នុងពូល ហើយលោកនឹងព្យាយាមពង្រឹងក្រុមឲ្យបានកាន់តែល្អសម្រាប់ការប្រកួតសេសល់ ដើម្បីមានឱកាសឡើងវគ្គបន្ដ។
ឆ្លងកាត់ ២ប្រកួតក្នុងពូលដដែលនេះ សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ឈ្នះ១ និងស្មើ ១ រកបាន ៤ពិន្ទុ, ខេត្តកំពង់ស្ពឺ ឈ្នះ ១ និងចាញ់ ១ រកបាន ៣ពិន្ទុ គ្រាដែលក្រុមភ្នំដាមហានគរខេត្តតាកែវ ស្មើទាំង ២ប្រកួត រកបាន ២ពិន្ទុ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ធ្លាក់មកឈរបាតតារាង មាន ១ពិន្ទុ ក្រោយស្មើ ១ និងចាញ់ ១។ ផ្អែកលើស្ថានភាពបច្ចុប្បន្ន ពូលC កំពុងមានភាពតានតឹង ដ្បិតក្រុមនីមួយៗ សុទ្ធតែនៅសល់ ៤ប្រកួតក្នុងដៃ ដើម្បីស្វែងរកពិន្ទុបន្ថែម ក៏ដូចជាប្រជែងកៅអីឡើងទៅវគ្គបន្ដ។
គួរដឹងថា ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំនេះ មាន ១៩ក្រុមចូលរួម និងបែងចែកជា ៥ពូល ហើយត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ដើម្បីស្វែងរកក្រុមលេខ១ តាមពូលនីមួយៗ និងក្រុមលេខ២ ល្អជាងគេ ៣ក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ៕ អត្ថបទ លី ឈុនឡា
