កំពង់ឆ្នាំង ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤៤១នាក់ បានចុះចាក់ វ៉ាក់ សាំង បង្ការជំងឺកូវីដ-១៩ ដោយមិនគិតថវិកាបេសកកម្ម និងពិនិត្យ ព្យាបាលជំងឺ អប់រំសុខភាព រួមទាំង ចែក ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៧៥៦៣នាក់ (ស្រី ៥០៦៧នាក់) នៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សកម្មភាពសប្បុរសធម៌ដ៏ល្អថ្លៃថ្លារបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី លើទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេះ ដឹកនាំដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការ ក្រសួង ផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមាន ការ អញ្ជើញ ចូល រួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ឆ្នាំង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយ រិទ្ធកម្ពុជា យុវជនកាក បាទក្រហមកម្ពុជា ស្រុក-ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តម លេង ផាលី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលជានិច្ចកាលឯកឧត្តម ហ៊ុន ម៉ានី តែងគិតគូរនិងខ្វល់ខ្វាយពីសុខទុក្ខ និងបញ្ហាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសរយៈពេល ១០ឆ្នាំកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាន បំពេញ ការងារយ៉ាងសកម្មនៅតាមសហគមន៍មូលដ្ឋាន ដើម្បីសុខុមាលភាព និងស្នាមញញឹម ជូន ប្រជាពលរដ្ឋ ក៏ដូចជាបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកម្ពស់សុខ ភាព ប្រជាជន នៅតាម សហគមន៍ តាមរយៈការពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យ រួមទាំង ការចុះ អប់រំ សុខ ភាព និងបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនបងប្អូន ប្រជា ពលរដ្ឋដោយឥតគិតថ្លៃ។
នាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រោមការ ដឹក នាំ ផ្ទាល់ពីឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានជួយពិគ្រោះ និង ពិនិត្យ ព្យាបាលជំងឺ ព្រមទាំង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមិនគិតថ្លៃ។ វត្តមានរបស់បងប្អូនប្រជាពលរដ្ឋមកជួបជុំគ្នានាពេលនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៍ គ្រប់សព្វបែបយ៉ាង។ ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរ ដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សូមបន្ត ចុះជួយ ពិនិត្យ និងព្យាបាល ជំងឺ ជូន ប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើក កម្ពស់សុខុមាល ភាពប្រជាពលរដ្ឋ និងរួម គ្នាកាត់ បន្ថយ ភាពក្រីក្រ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណា ចក្រកម្ពុជា។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី នៅស្រុកកំពង់លែង បានមកទទួលការពិនិត្យព្យាបាលជំងឺ ទទួលថ្នាំ ពេទ្យ ឥតគិតថ្លៃ បានបង្ហាញពីក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែង ព្រមទាំងថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រួសារ ដែលតែងតែយកចិត្តទុក ដាក់យ៉ាងកក់ ក្តៅទៅ លើ សុខភាព របស់ពួកគាត់។
បើតាមលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងស្រុក បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ បានចំនួនស្ទើតែ១០០% សេសសល់តែអ្នកចំណាកស្រុកប៉ុណ្ណោះ ដូសទី២ បានចំនួនជាង៩៩% ដូសទី៣ បានចំនួនជាង៥០%។ ដោយឡែកសម្រាប់ដូសទី៤ គឺមានក្រុមគ្រពេទ្យស្ម័គ្រចិត្ត ចំនួន០៤ក្រុម កំពុងចុះចាក់វ៉ាក់សាំង តាមភូមិ ឃុំ ខ្នងផ្ទះប្រជាពលរដ្ឋ។សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ០៧ ឧសភា ឆ្នាំ២០២២) ក្រោមការ ដឹកនាំចង្អុលបង្ហាញ ដោយផ្ទាល់ របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុម ការងារគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មាន ចំនួន៦,៧៧៩នាក់ បានចុះអប់រំផ្សព្វផ្សាយជំងឺកូវីដ-១៩ យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្កាកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូន ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ក្នុង២៥ រាជធានី-ខេត្ត នៃ ព្រះរាជា ណា ចក្រ កម្ពុជា បានចំនួន ៥៨១ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៨,១១២,២៨៥នាក់ (ប្រាំបីលាន ដប់មួយម៉ឺន ពីរពាន់ ពីររយ ប៉ែតសិបប្រាំនាក់) ក្នុងនោះ ស្ត្រីមាន ចំនួន ៤,៣៥០,៨៤៤នាក់ (បួនលាន សាមសិបប្រាំម៉ឺន ប្រាំបីរយ សែសិបបួននាក់) ជាង ១ ភាគ ២ នៃ ប្រជាជនសរុប ទូទាំងប្រទេសចំនួន ១៥,៥៥២,២២១ នាក់ (ដប់ប្រាំលាន ហាសិប ប្រាំម៉ឺន ពីរពាន់ ពីររយ ម្ភៃ មួយនាក់)៕ អត្ថបទ ៖ រដ្ឋា








