ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារពិសេសជូនជនរួមជាតិ នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ ដោយបង្ហាញមោទនភាព ដែលកម្ពុជាទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលជាជោគជ័យដ៏ធំសម្បើម ធ្វើឲ្យករណីឆ្លងទូទាំងប្រទេសក្នុងកម្រិតសូន្យនៅថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទោះយើងឈ្នះលើសមរភូមិប្រឆាំងកូវីដ-១៩ ធ្វើឲ្យអត្រាឆ្លងប្រចាំថ្ងៃមានកម្រិតសូន្យនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះក៏ពិតមែន តែយើងមិនទាន់ទទួលបានជោគជ័យទាំងស្រុងលើសង្គ្រាមកូវីដ-១៩នៅឡើយទេ ដូច្នេះវិធានការចាំបាច់នានាដើម្បីគេចផុតពីករណីឆ្លងឡើងវិញនៅតែបន្ត ទោះករណីខ្លះដូចជាការពាក់ម៉ាសមិនស្ថិតជាកាតព្វកិច្ចក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន នៅបន្តប្រកាសអំពាវនាវដ៏ទទូចដល់ពលរដ្ឋឲ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន សម្រាប់អ្នកមិនទាន់បានចាក់ និងដូសជំរុញទី៣ និងទី៤ ហើយនឹងបន្តទៅរកដូសទី៥ ដើម្បីឲ្យសហគមន៍កម្ពុជាកាន់តែមានភាពស៊ាំងរឹងមាំ ប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩នាពេលបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់មិត្តបរទេសទាំងកម្រិតទំនាក់ទំនងទ្វេភាគី កម្រិតតំបន់ និងយន្តការកូវ៉ាក់ ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាជាបន្តបន្ទាប់ រហូតដល់កម្ពុជាមានវ៉ាក់សាំងក្នុងដៃគ្រប់គ្រាន់ដើម្បីចាក់ជូនពលរដ្ឋ និងត្រៀមបម្រុងកម្រិតខ្ពស់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលមានរហស្សនាមជាកងទ័ពអាវស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសមិនអាចខ្វះបាន ដែលធ្វើឲ្យសង្គ្រាមប្រឆាំងកូវីដ-១៩បានឈ្នះលើសមរភូមិនានា ទោះយើងមិនទាន់ឈ្នះសង្គ្រាមនេះទាំងស្រុងក៏ដោយ៕