ភ្នំពេញ៖ រថយន្ត ដឹកស៊ីម៉ងត៍ទម្ងន់១៥តោន មួយគ្រឿង បើកគេចចេញពីម៉ូតូមួយគ្រឿង ដែលវ៉ាជែងហើយដួលនៅខាងមុខ អ្នកបើករថយន្តបួងចង្កូតគេច បណ្ដាលអោយក្រឡាប់ផ្ងារជើង នៅកណ្តាលផ្លូវ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍នេះ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសម្នាក់ បើករថយន្តម៉ាក់ហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ងត៍ធន់ធំ ពណ៌ស ពាក់ស្លាកលេខ កំពត3A-0914 បានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកវ៉ាជែង បណ្តាលរអិលផ្លូវដួលនៅពីមុខ ទើបអ្នកបើករថយន្តបួងចង្កូតគេចទៅស្តាំដៃជ្រុលប្រុងទៅបុកចូលផ្ទះប្រជាពលរដ្ឋ ក៏បានទាញចង្កូតមកឆ្វេងដៃវិញ បណ្តាលឱ្យរថយន្តប្រឡាប់ ផ្ងារជើងម្ខាង នៅកណ្តាលផ្លូវតែម្តង ភ្លាមៗអ្នកបើកបរ បានលូនចេញពីក្នុងរថយន្ត ដោយមានរបួសស្រាលតែប៉ុណ្ណោះ។
តាមអ្នកបើកបរ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹកស៊ីម៉ងត៍ ចំនួន១៥តោន មកពីរោងចក្រនៅខេត្តកំពត យកទៅដាក់នៅការដ្ឋាន នៅព្រែកពោធិ៍ ពេលធ្វើដំណើរតាមផ្លូវ មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូវ៉ាជែង ហើយដួលនៅខាងមុខរថយន្តគាត់តែម្តង តែបើគាត់មិនទាញចង្កូតគេចច្បាស់ ជាកិនអ្នកបើកបរ ម៉ូតូដួលនោះស្លាប់ ជាមិនខាន ដូច្នេះក៏សុខចិត្តបួងចង្កូតគេច។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ រួចឱ្យម្ចាស់រថយន្តយកទៅជួសជុលដោយខ្លួនឯង ដោយសារពុំបង្កឱ្យមនុស្សរងរបួស ឬ ខូចខាតទ្រព្យសម្បត្តិរដ្ឋនោះទេ៕
អត្ថបទ៖ កុម្ភះ



