យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធខ្មែរកីឡាហែលទឹកពេលថ្មីៗ បានប្រកាសជាសាធារណៈថា ឈ្មោះ និង និមិ្មតសញ្ញាសហព័ន្ធ បានផ្លាស់ប្តូរជាផ្លូវការហើយ មកជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញ។

ដូច្នេះ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ចាប់ពីពេលនេះតទៅ ឈ្មោះសហព័ន្ធរបស់ត្រូវបានប្តូរជាផ្លូវការពី សហព័ន្ធខ្មែរកីឡាហែលទឹក (Khmer Swimming Federation) មកជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជា (Cambodia Aquatics Federation)។
លោក ហែម គិរី អគ្គលេខាធិការកីឡាក្នុងទឹកកម្ពុជា បានឲ្យដឹងថា នាពេលថ្មីៗនេះសហព័ន្ធបាន ធ្វើមហាសន្និបាតអាណត្តិថ្មីក្នុងនោះ បានផ្លាស់ប្ដូរ ឈ្មោះថ្មីរបស់ សហព័ន្ធ និងនិម្មិតសញ្ញារបស់សហព័ន្ធ ពីសហព័ន្ធខ្មែរ កីឡាហែលទឹក ទៅជាសហព័ន្ធកីឡាក្នុងទឹកកម្ពុជា។លោកបន្តថា នៅក្នុងការ រចនារូបភាពថ្មី បានធ្វើឡើងដោយផ្ចិតផ្ចង់ បានផ្លាស់ប្តូរ និម្មិតសញ្ញារូបនាងមច្ចា ទៅជារូបអង្គរវត្ត និងរូបកីឡាករលោតទឹក ហែលទឹក និងលេងបាល់ទឹកថែមទៀត ដូច្នេះសូមសាធាណៈជនមេត្តាជ្រាប។
អគ្គលេខាធិការរូបនេះបន្ថែមថា ការផ្លាស់ប្តូរនេះសហព័ន្ធចង់បង្ហាញពីអត្តសញ្ញាណរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយទៅលើឆាកអន្តរជាតិ ហើយមួយវិញទៀតនៅកីឡាក្នុងទឹកនេះក៏មានប្រភេទកីឡាមួយចំនួនផងដែរ ដូចជា កីឡាហែលទឹក លោតទឹក និងបាល់ទឹកជាដើម ។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរឈ្មោះ និងនិម្មិតសញ្ញា(Logo)ធ្វើឡើងនៅក្នុងមហាសន្និបាតសហព័ន្ធបន្តអាណត្តិថ្មី ទី៨ (២០២៥-២០២៩)នាពេលថ្មីៗដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា។
អង្គមហាសន្និបាតបានសម្រេច១០០%ជាឯកច្ឆន្ទ ក្នុងការធ្វើវិសោធកម្មលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ផ្លាស់ប្តូរឈ្មោះជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញក្នុងអាណាត្តថ្មីនេះ៕
