សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) បានប្រកាសជាផ្លូវការថា ថ្ងៃទី ១៥ ខែកក្កដា នឹងត្រូវបានប្រារព្ធជា «ទិវាក្រុមបាល់ទាត់ជម្រើសជាតិ» (National Football Teams Day) ដើម្បីរំលឹកដល់ជ័យជម្នះដ៏គួរឱ្យចងចាំរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលើអង់គ្លេស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។
ការប្រកួតដែលធ្វើឡើងនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក បានចាប់ផ្តើមយ៉ាងតានតឹង ដោយក្រុមអង់គ្លេសជាអ្នកនាំមុខមុននៅនាទីទី ៥៥ តាមរយៈគ្រាប់បាល់របស់ Anthony Gordon។ ទោះជាយ៉ាងណា អាហ្សង់ទីនបានបង្ហាញភាពអស្ចារ្យនៅចុងម៉ោង ដោយរកបានពីរគ្រាប់នៅនាទីទី ៨៥ និង ៩០+២ឆក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ជ័យជម្នះនេះក៏បានកើតឡើងស្របពេលគម្រប់ ៤០ ឆ្នាំ នៃការឈ្នះអង់គ្លេសក្នុងវគ្គ ៨ ក្រុមចុងក្រោយ World Cup 1986 ដែលជាការប្រកួតដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្របាល់ទាត់។
បន្ទាប់ពីការប្រកួត ក៏មានភាពចម្រូងចម្រាសផ្នែកនយោបាយផងដែរ ខណៈកីឡាករអាហ្សង់ទីនមួយចំនួនបានអបអរដោយកាន់បដាសរសេរថា «Las Malvinas son Argentinas» ដែលមានន័យថា «កោះ Malvinas (Falklands) ជារបស់អាហ្សង់ទីន»។
កោះ Falklands ដែលជាដែនដីក្រៅប្រទេសរបស់ចក្រភពអង់គ្លេស នៅតែជាប្រធានបទនៃជម្លោះអធិបតេយ្យភាពរវាងអង់គ្លេស និងអាហ្សង់ទីន។ ជម្លោះយោធាកាលពីឆ្នាំ ១៩៨២ ដែលមានរយៈពេល ៧៤ ថ្ងៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិតទាហានអាហ្សង់ទីន ៦៥៥ នាក់ ទាហានអង់គ្លេស ២៥៥ នាក់ និងប្រជាពលរដ្ឋនៅលើកោះ ៣ នាក់។
ការកំណត់ថ្ងៃទី ១៥ កក្កដាជា «ទិវាក្រុមបាល់ទាត់ជម្រើសជាតិ» ត្រូវបាន AFA ចាត់ទុកថា ជាការរំលឹកដល់ស្មារតីតស៊ូ និងសមិទ្ធផលដ៏សំខាន់មួយរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន នៅលើឆាកបាល់ទាត់ពិភពលោក៕ អត្ថបទ៖នាង សុភាវុធ





