រាជរដ្ឋាភិបាល និងវិស័យឯកជន ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បី ប្រែក្លាយបញ្ហាប្រឈមវិស័យឯកជនទៅជាកំណែទម្រង់ និងដំណោះស្រាយជាក់ស្តែង លើកកម្ពស់បរិយាកាសធុរកិច្ច ជំរុញការប្រកួត ប្រជែង និងការអភិវឌ្ឍវិស័យឯកជន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុម «គ» លើក ឡើងនៅក្នុងកិច្ចប្រជុំក្នុងផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាក្រុម “គ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី៤ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះថា តម្លៃនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ មិនស្ថិតនៅលើចំនួនបញ្ហាដែលត្រូវបាន លើកឡើងនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយបញ្ហាប្រឈម ទៅជាដំណោះស្រាយដែលមានភាពច្បាស់លាស់ អាច អនុវត្ត និងតាមដានបាន។ បញ្ហាប្រឈមរបស់វិស័យឯកជន មិនមែនសុទ្ធតែកើតចេញពីកង្វះគោលនយោបាយ ឬបទប្បញ្ញត្តិនោះទេ ដោយករណីជាច្រើន កើតចេញពីគម្លាតរវាងគោលនយោបាយ ការអនុវត្ត និងបទពិសោធន៍ជាក់ស្តែងរបស់ធុរកិច្ច។

ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានវាយតម្លៃខ្ពស់ លើការ រៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងបាន បានប្រព្រឹត្តទៅដោយជោគជ័យ ដោយបានដោះស្រាយបញ្ហាមួយចំនួនជូនវិស័យឯកជន លើរបៀបវារៈដែលបានគ្រោងទុក ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់សហគ្រាសនៅក្នុងស្រុក លើដំណើរការផលិត និងផ្គត់ផ្គង និងការឈានទៅប្រកួតប្រជែងរបស់កម្ពុជាផងដែរ។
ក្នុងវេទិកានេះ, វិស័យឯកជនបានលើកយកបញ្ហាប្រឈមសំខាន់ៗចំនួន១៣ រួមមាន៖ ការនាំចូលនិងផលិតកម្មអំបិល, ការ ទទួលបានហិរញ្ញប្បទាន, ការលើកទឹកចិត្តវិនិយោគ, ថ្លៃអគ្គិសនី, នីតិវិធីផ្តល់អាជ្ញាបណ្ណអាជីវកម្ម, ការអនុវត្តបទប្បញ្ញត្តិ ផ្នែកបរិស្ថាន, បញ្ហាកង្វះកម្លាំងពលកម្មជំនាញ, ការកែច្នៃគ្រាប់ស្វាយចន្ទី, ការបញ្ជាក់ស្តង់ដាផលិតផល ការអភិវឌ្ឍសហគ្រាសក្នុងសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ និងការពង្រឹងអនុលោមភាពរបស់អាជីវកម្មលក់អនឡាញ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព។
ជាលទ្ធផល, អង្គប្រជុំបានឯកភាពលើវិធានការជាក់លាក់មួយចំនួនរួមមាន៖ ពន្លឿនឌីជីថលូបនីយកម្មសេវាសាធារណៈ, ការបន្តធ្វើ សាមញ្ញកម្មនីតិវិធី និងរដ្ឋបាល, ពង្រឹងការគាំទ្រដល់សហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ពង្រីកការបណ្តុះបណ្តាលជំនាញ ផ្អែកលើ តម្រូវការរបស់ឧស្សាហកម្ម, គាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងការសម្របសម្រួលស្ថាប័ន និងកំណត់យន្តការតាមដាន ដើម្បីធានាការអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាព៕ អត្ថបទ៖ សុន រ៉ាឌី






