ក្លិបបាល់ទាត់ Real Madrid បានប្រកាសជាផ្លូវការពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាបវ័យក្មេង Yan Diomande ពីក្លិបអាល្លឺម៉ង់ RB Leipzig ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃអាចកើនដល់ ១២០ លានផោន (ប្រមាណ ១៤០ លានអឺរ៉ូ)។
កីឡាករវ័យ ១៩ ឆ្នាំ សញ្ជាតិកូតឌីវ័របានចុះកិច្ចសន្យារយៈពេល ៧ ឆ្នាំ ជាមួយក្លិបយក្សអេស្ប៉ាញ ហើយប្រសិនបើ Real Madrid បង់ប្រាក់គ្រប់តាមលក្ខខណ្ឌនៃកិច្ចសន្យា នោះ Diomande នឹងក្លាយជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតទី ៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក បន្ទាប់ពី Neymar, Kylian Mbappe និង Alexander Isak។
កិច្ចព្រមព្រៀងនេះក៏បានធ្វើឱ្យ Diomande ក្លាយជា កីឡាករអាហ្វ្រិកដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយវ៉ាដាច់កំណត់ត្រាចាស់របស់ Nicolas Pepe ដែល Arsenal បានទិញពី Lille ក្នុងតម្លៃ ៧២ លានផោន កាលពីឆ្នាំ ២០១៩។
មុនពេលសម្រេចចិត្តផ្ទេរទៅ Real Madrid, Diomande ត្រូវបាន Paris Saint-Germain ចាត់ទុកជាគោលដៅសំខាន់ ប៉ុន្តែក្លិបបារាំងបានដកខ្លួនចេញពីការប្រជែង បន្ទាប់ពីសំណើ ១០២.៥ លានផោនរបស់ពួកគេត្រូវបាន RB Leipzig បដិសេធ។ ចំណែក Liverpool ក៏ធ្លាប់ដាក់សំណើដំបូងក្នុងតម្លៃ ៦៩ លានផោនកាលពីខែមិថុនា ដើម្បីស្វែងរកអ្នកជំនួស Mohamed Salah ប៉ុន្តែមិនទទួលបានជោគជ័យ។
Diomande គឺជាកីឡាករថ្មីទី ៦ ដែល Real Madrid នាំចូលនៅរដូវក្តៅនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Jose Mourinho បន្ទាប់ពីក្លិបបានចុះហត្ថលេខាលើ Bernardo Silva, Ibrahima Konate, Denzel Dumfries, Marc Cucurella និង Carlos Espi។
ក្នុងរដូវកាលមុនជាមួយ Leipzig កីឡាករវ័យក្មេងរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយស៊ុតបញ្ចូលទី ១២ គ្រាប់ និងប៉ះបញ្ជូន ៨ លើក នៅ Bundesliga ដែលធ្វើឱ្យគេឈ្នះពានកីឡាករវ័យក្មេងឆ្នើមប្រចាំរដូវកាល។
នៅលើឆាកអន្តរជាតិ Diomande បានចូលលេងគ្រប់ ៤ ប្រកួត ឱ្យក្រុមជម្រើសជាតិកូតឌីវ័រ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 មុនពេលក្រុមរបស់គេធ្លាក់ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ ក្រោមថ្វីជើងន័រវែស។
Diomande ចាប់ផ្តើមអាជីពយុវជននៅសហរដ្ឋអាមេរិក មុនផ្លាស់ទៅកាន់ក្លិប Leganes របស់អេស្ប៉ាញនៅឆ្នាំ ២០២៥ ហើយក្រោយមកបានចូលរួមជាមួយ RB Leipzig នៅឆ្នាំដដែល៕ អត្ថបទ៖នាង សុភាវុធ


