ខណៈអ៊ីស្រាអែលបន្តវាយប្រហារ និងចេញបទបញ្ជាឲ្យជម្លៀសខ្លួនចេញពីលំនៅឋានដោយបង្ខំនៅភាគខាងត្បូងប្រទេសលីបង់ ប្រជាជននៅក្នុងតំបន់ កំពុងបង្ហាញកំហឹងនិងភាពអស់សង្ឃឹមក្នុងអំឡុងពេលនៃការចរចាដែលកំពុងបន្តរវាងមន្ត្រីលីបង់ និងអ៊ីស្រាអែល។

សម្រាប់គ្រួសារភៀសខ្លន ការវាយប្រហារជុំចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ប្រាំបីនាក់រងរបួសគឺជាភស្តុតាងបន្ថែមទៀតថា «បទឈប់បាញ់» កាលពីខែមិថុនា បានបរាជ័យក្នុងការការពារពួកគេពីសកម្មភាពយោធារបស់អ៊ីស្រាអែល។ យោធាអ៊ីស្រាអែល បានបង្កឱ្យមានរលកនៃការភ័យខ្លាចចុងក្រោយ ដោយបានចេញបទបញ្ជាឲ្យជម្លៀសដោយបង្ខំសម្រាប់ទីក្រុង al-Mansouri កាលពីថ្ងៃពុធ ជាការណែនាំអំពីការជម្លៀសលើកដំបូងរបស់ខ្លួនក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។

ក្រុមគ្រួសារមកពីក្រុង al-Mansouri ជាអ្នកដែលបានភៀសខ្លួននៅតែប្រមូលផ្តុំគ្នានៅជាយក្រុងនោះកាលពីថ្ងៃព្រហស្បតិ៍ ដោយរង់ចាំពាក្យថា វាមានសុវត្ថិភាពក្នុងការវិលត្រឡប់ទៅវិញ។
កំហឹងកំពុងកើនឡើង ខណៈប្រជាជនបានសំឡឹងមើលយោធាអ៊ីស្រាអែលរុះរើលំនៅឋាន និងដុតបំផ្លាញដីស្រែចម្ការ ដោយមនុស្សជាច្រើនបានបង្ហាញជំនឿតិចតួចថា ការចរចាដែលនៅបន្តរវាងមន្ត្រីលីបង់ និងអ៊ីស្រាអែល នឹងធានាបានការវិលត្រឡប់របស់ពួកគេដោយសុវត្ថិភាព។