ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពី សកម្មភាពបោសកាកសំណល់សំរាមសល់ពីការលក់ដូរបាយឆា មីឆាពេលយប់ ចូលទៅក្នុងមាត់លូបង្ហូរទឹករួចមក នៅវេលាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ បានចុះទៅណែនាំបុគ្គល២នាក់ ដែលប្រព្រឹត្តិ ធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពមិនល្អនេះទៀត ។
អ្នកលក់បាយឆា មីឆា២នាក់ បងប្អូនខាងលើ មានឈ្មោះ លី សារ៉េត ភេទស្រី អាយុ២៧ឆ្នាំ និងម្នាក់ទៀតជា ប្អូនបង្កើតមានឈ្មោះ លី មៃឃ័រ អាយុ២៤ឆ្នាំ ។ អ្នកទាំង២ស្នាក់នៅផ្ទះជួលម្តុំកន្លែងលក់របស់ពួកគេ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរស្តុបវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
នៅចំពោះមុខ ក្រុមអាជ្ញាធរ បងប្អូនបង្កើតទាំង២នាក់ បានទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្តិ ដោយពួកគេ បានបោសសំរាមចូលទៅក្នុងមាត់លូ ប្រាកដមែន នឹងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ បន្តទៀតហើយ ប្រសិនបើមានសកម្មភាពនេះ នៅលើកក្រោយទៀត ពួកគេសូមទទួលខុសត្រូវចំពោះវិធានការណ៍របស់អាជ្ញាធរ ។
ក្នុងឱកាសនោះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការអប់រំដល់បុគ្គលទាំង២ ឲ្យពួកគេបញ្ឈប់សកម្មភាពនេះទៀត ព្រោះវាជាគំរូមិនល្អ ជះឥទ្ធិពលអាក្រក់ ដល់បរិស្ថានសង្គមជាតិ ។ លោក អភិបាលរង ក៏បានពន្យល់ណែនាំអោយពួកគេ ត្រូវកែខ្លួនមកជាបុគ្គលត្រឹមត្រូវវិញ ត្រូវចូលរួមចំណែកជាមួយសង្គមជាតិ ក្នុងការចូលរួមថែរក្សាបរិស្ថានអនាម័យ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាម ដែលសេសសល់ពីការលក់ដូរ និងប្រើប្រាស់ទុកដាក់មួយកន្លែងអោយបានត្រឹមត្រូវ ដើម្បីអាចអោយរថយន្តស៊ិនទ្រី ធ្វើការចុះទៅប្រមែប្រមូល ជៀសវាងការបោះចោលសំរាមពាសវាលពាស កាល ពិសេសនោះ ការបោសសំរាមចូលទៅក្នុងមាត់លូ ដូចសកម្មភាពរបស់ពួកគេ ជាដើម ដែលជាហេតុធ្វើអោយប្រព័ន្ធលូបង្ហូរទឹកត្រូវទទួលរងការកកស្ទះ មិនអាចហូរទឹកបាន ៕
អត្ថបទ ៖ លី ហេង





