ទោះបីជាត្រូវសិក្សាដោយខ្លួនឯងគ្មានគ្រូណែនាំផ្ទាល់ក៏ដោយ ក៏បេក្ខជនស្វ័យរិនជាច្រើនរូប បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ។ ពួកគាត់បានត្រៀមខ្លួនរួចជាស្រេច និងរំពឹងថា នឹងទទួលបានលទ្ធផលជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាឆ្នាំ២០២៦នេះ។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យ ជាស៊ីម សាមគ្គី នាព្រឹកថ្ងៃទី១០ ខែសីហានេះ ពួកគាត់បាននិយាយស្រដៀងគ្នា ចំពោះការចូលរួមប្រឡងនេះ មានក្តីភ័យអរតិចតួច និងមានអារម្មណ៍សប្បាយរីករាយដែលបានជាប់ឈ្មោះក្នុងការប្រឡងនេះ ពីព្រោះរាល់កិច្ចការក្នុងពេលប្រឡង គឺធ្វើបានច្រើន បន្ទាប់ពីបានខិតខំរៀនសូត្រ និងត្រៀមខ្លួនរួចជាស្រេចតាំងពីពេលកន្លងមក។
ក្រុមបេក្ខជនទាំងនេះ បានឱ្យដឹងទៀតថា សម្រាប់ឆ្នាំនេះ គឺបានខិតខំប្រឹងឱ្យអស់ពីសមត្ថភាពមិនឱ្យអ្នកផ្ទះខកបំណងឡើយ និងដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនទៅថ្ងៃអនាគតខាងមុខ។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែសីហា ឆ្នាំ២០២៦។ ឆ្នាំនេះ បេក្ខជនដែលមានឈ្មោះប្រឡងសរុបចំនួនជាង ១៥ម៉ឺននាក់ ក្នុងនោះស្រីជាង ៨ម៉ឺននាក់។ ក្រសួងអប់រំ បានកំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីប្រកាសលទ្ធផលប្រឡងមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស៕ អត្ថប៖ ឈិត បូរ៉ាវី








