ក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ៣គ្រឿង ពីការប្រកួតកីឡាកាយសម្ព័ន្ធជ្រើអាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៦ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៤ថ្ងៃ នៅប្រទេសហ្វីលីពីន កាលពីសប្ដាហ៍កន្លងទៅ។
យោងតាមឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជាប្រតិភូដឹកនាំ បានឲ្យដឹងថា សមិទ្ធផលដែលក្រុមធំ និងយុវជននៃកីឡាកាយសម្ព័ន្ធកម្ពុជា រកបានជូនជាតិនេះ រួមមានមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានលើវិញ្ញាសាក្រុមយុវជន(Youth Group) និងមេដាយសំរឹទ្ធ ២គ្រឿង ប្រជែងបានវិញ្ញាសា Senior Trio និងវិញ្ញាសា Senior Group ។
ក្នុងចំណោមអត្តពលិកខ្លាំងៗមកពី ១២ប្រទេសក្នុងទ្វីបអាស៊ី ដែលចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ការសម្រេចបាននូវមេដាយ ៣គ្រឿងនេះ ត្រូវបានឯកឧត្តមចាត់ទុកជាសមិទ្ធផលគាប់ប្រសើរមួយ ក្រោមកិច្ចសហការដ៏ល្អ រវាងក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធផ្ទាល់ ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ជាប្រធានសហព័ន្ធ និងលោកឧកញ៉ា សុខ ហុង ជាអនុប្រធាន។
ជាមួយគ្នាក្នុងនាមប្រតិភូដឹកនាំ និងជាសេនាធិការផ្ទាល់របស់ថ្នាក់ដឹកនាំហព័ន្ធ ឯកឧត្តម ណយ ផាណា បានថ្លែងអំណរគុណដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក ក៏ដូចជាការព្យាយាមអស់ពីសមត្ថភាពក្នុងការប្រកួតរហូតដណ្ដើមបានមេដាយប្រាក់ ក៏ដូចជាមេដាយសំរឹទ្ធជូនជាតិមាតុភូមិ ហើយឯកឧត្តមសង្ឃឹមថា ពួកគេនឹងបន្ដប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ពិសេសស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០២៧ ខាងមុខតែម្ដង៕ អត្ថបទ លី ឈុនឡា




