យោងតាមរយៈលិខិតលេខ ៣០៣.៨ សជណ ចុះថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃពិនិត្យឃើញថា រាជរដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្តីពីនិរាករណ៍អនុក្រឹត្យលេខ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា ហើយត្រូវបន្តរក្សាជាតំបន់ការពារធម្មជាតិ ដែលត្រូវគ្រប់គ្រងដោយក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទប្បញ្ញត្តិជាធរមាន។
ក្រសួងមហាផ្ទៃបានស្នើដល់រដ្ឋបាលខេត្តកោះកុង ពិនិត្យ ដោះស្រាយ ករណីស្នើសុំមោឃភាព លើលិខិតកាន់កាប់ដីធ្លីរបស់ឈ្មោះ សៀង គីមលី ស្របតាមគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន ព្រមទាំងណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមលិខិតលេខ ១២២២ សជណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការពារធនធានធម្មជាតិនៅតាមរាជធានី ខេត្តនានា។