ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងជួបប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីផ្ញើនូវក្ដីនឹកលឹក និងការចងចាំរបស់អ្នកជួរក្រោយ ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ ព្រោះមិនទាន់អាចវិលទៅផ្ទះវិញបាន ដោយសារការឈ្លានពានរបស់ថៃ។

នេះគឺជាការប្រកួតដំបូង នៅក្នុងកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» ដែលរៀបចំដោយក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក្រោយទទួលបានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) មុនឈានដល់ការប្រកួតដ៏ធំនៅរាជធានីភ្នំពេញ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហាខាងមុខ នៅកីឡដ្ឋានស្ដាតចាស់។
សម្រាប់ការប្រកួតមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នាល្ងាចថ្ងៃអង្គារនេះដែរ នឹងមានការលក់សំបុត្រក្នុងតម្លៃ ១ម៉ឺនរៀល ហើយរាល់សំបុត្រដែលលក់បានទាំងអស់ នឹងត្រូវឧបត្ថម្ភទាំងស្រុងជូនដល់បងប្អូនភូមិរង់ចាំ។ លើសពីនេះ ប្រជាពលរដ្ឋ និងអ្នកអញ្ជើញចូលរួមទស្សនាទាំងអស់ ក៏អាចបរិច្ចាគជាថវិកា និងសម្ភារផ្សេងៗ ដើម្បីក្រុមការងាររៀបចំជូនដល់អ្នកភូមិរង់ចាំផងដែរ។

ឯកឧត្តម គួច វែងស្រ៊ុន អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្មីៗថាកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» រៀបចំឡើង ក្នុងគោលដៅសាមញ្ញនោះទេ គឺដើម្បីផ្ញើក្តីនឹករលឹក សំណេះសំណាលសួរសុខទុក្ខ ផ្តល់ស្នាមញញឹម និងផ្តល់ភាពកក់ក្តៅជូនដល់បងប្អូនអ្នកភូមិរង់ចាំ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏អាចចូលរួមបានទាំងអស់គ្នា។
ដូច្នេះក្រោយបញ្ចប់ការប្រកួតមិត្តភាពនៅថ្ងៃទី១១ ខែសីហា ក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងបើកទទួលជំនួយផ្លូវការ តាមរយៈគណនីធនាគារ ឬ QR ដែលក្រុមការងារនឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗ ហើយសប្បុរសជន ក៏អាចនាំយកមកបរិច្ចាគផ្ទាល់នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឬអាចនាំយកបរិច្ចាគផ្ទាល់កំឡុងការប្រកួតទល់ក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្ដាតចាស់ ហើយជំនួយទាំងអស់ នឹងត្រូវនាំទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១៣,២៥៩នាក់ នៅភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញាខាងមុខ ជាមួយនឹងការរៀបចំកម្មវិធីអមជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា



