ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋចំនួន ១ពាន់ ៥១គ្រួសារ ដែលជាអ្នករស់នៅ និងទទួលការឧបត្ថម្ភពីអង្គការមូលនិធិកុមារកម្ពុជា (CCF) ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលស្ថិតក្រោមបរិយាកាសសប្បាយរីករាយ និងទឹកចិត្តសប្បុរសធម៌ ។
ក្នុងពិធីសំណេះសំណាល ផ្ដល់ប័ណ្ណសមធម៌ និងអំណោយជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាលនាពេលនេះ មានចំនួន ៥៥៩នាក់ ដែលក្នុងនោះអ្នកទទួលថ្មីចំនួន ២០៤ប័ណ្ណ និងបន្តសុពលភាពចំនួន ៣៥៥ប័ណ្ណបន្ថែមទៀត ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះ មិនត្រឹមតែជាប័ណ្ណមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែជាប័ណ្ណដែលបានការគាំពារសុខភាព ជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅជាងមុន នៅពេលដែលឈឺ ព្រោះការចំណាយលើការពិនិត្យ សម្រាក់ព្យាបាលជំងឺ គឺជាបន្ទុករបស់រាជរដ្ឋាភិបាល ជាអ្នករាប់រង និងចេញជំនួសទាំងអស់ ។
លោកជំទាវបណ្ឌិត បានបន្ថែមថា សារៈសំខាន់មួយទៀត នៅពេលមានប័ណ្ណនេះ ប្រជាពលរដ្ឋអាចទៅពេទ្យដើម្បីពិនិត្យ និងព្យាបាលជំងឺញឹកញាប់ជាងមុន ទោះមានអាការៈស្រាល ឬធ្ងន់ ដែលសកម្មភាពនេះ គឺបានជួយកាត់បន្ថយនូវអត្រានៃភាពឈឺធ្ងន់ នៅក្នុងមន្ទីរពេទ្យ ដូចនេះ សូមប្រជាពលរដ្ឋទោះមានអាការៈឈឺតិចតួច គឺឆាប់ទៅរកពេទ្យ កុំទុកដល់ឈឺធ្ងន់ ពិបាកក្នុងការព្យាបាល ។
នៅក្នុងឱកាសនោះ ស្ត្រីទីមួយកម្ពុជា បាននាំយកការផ្ដាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពលរដ្ឋដែលបានជួបសំណេះសំណាល ទទួលប័ណ្ណសមធម៌ និងទទួលអំណោយនាពេលនេះផងដែរ ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអរគុណ និងកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានសហការគ្នាយ៉ាងសកម្មដើម្បីឧបត្ថម្ភគាំទ្រ ជួយដល់ប្រជាពលរដ្ឋ កុមារ ក្រុមគ្រួសារដែលកំពុងជួបការលំបាក និងមានតម្រូវការជាប់ជាប្រចាំ ។
ក្នុងពេលមកទទួលអំណោយ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ប្រជាពលរដ្ឋបានបង្ហាញនូវក្តីរំភើបរីករាយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ពលរដ្ឋ ជាពិសេសការផ្ដល់នូវប័ណ្ណសមធម៌ នៅពេលពួកគាត់មានការឈឺថ្កាត់អ្វី អាចទៅរកសេវាសុខាភិបាលនៅមន្ទីរពេទ្យ ដោយឥតគិតថ្លៃ ។
ប្រជាពលរដ្ឋបានបន្ថែមថា “ប័ណ្ណសមធម៌នេះ គឺពិតជាបានចូលរួមចំណែក ក្នុងការកាត់បន្ថយការចំណាយក្នុងគ្រួសារ មួយវិញទៀត ការប្រើប័ណ្ណនេះ ទទួលបានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដូចអ្នកជំងឺត្រូវបង់ថវិកាធម្មតា មិនមានការរើសអើង ហើយពួកគាត់បានចាត់ទុកកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលមួយនេះ គឺពិតជាបានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា” ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អត្ថប្រយោជន៍នៃប័ណ្ណមូលនិធិសមធម៌សុខាភិបាល មានដូចជា សេវាពិគ្រោះជំងឺ សេវាសង្គ្រោះបន្ទាន់ ការសម្រាក់ព្យាបាលជំងឺ សេវាថែទាំ និងស្ត្រីសម្រាលកូនដោយមិនបាច់បង់ប្រាក់ ទាំងនៅក្នុងមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនដែលជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងការគាំទ្របន្ថែមទៀតជាច្រើន ហើយលើសពីនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណ ម.ស.ស នេះ អាចទៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ១៤៣កន្លែង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរាប់ពាន់កន្លែងផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីនីតិកាលកន្លងមកក្រោមការដឹកនាំប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមករហូតដល់នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយឈរលើគោលការណ៍គាំពារសង្គមចំនួន ៣ គឺទី១. សមធម៌ និងសាមគ្គីធម៌សង្គម, ទី២. សន្តិសុខប្រាក់ចំណាយ និងទី៣. សមភាពក្នុងសង្គមជាតិយើង បានរៀបចំបង្កើត និងបន្តលើកកម្ពស់របបសន្តិសុខសង្គមដើម្បីលើកកម្ពស់សុខុមាលភាពសង្គម សុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវប័ណ្ណចំនួន ៤ប្រភេទរួមមាន ប័ណ្ណសមាជិក ប.ស.ស - ប័ណ្ណមូលនិធិសមធម៌សុខាភិបាល - ប័ណ្ណសមធម៌ និងប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ៕

















