ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានបញ្ជាទិញយន្តហោះ ប៊ូអ៊ីង (Boeing) ដែលផលិតនៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៣.២ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើនលទ្ធភាពពង្រីកបណ្តាញហោះហើរឆ្លងទ្វីប។

ការបង្ហាញខ្ទង់ចំណាយនេះ ត្រូបានប្រកាសដោយស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ក្នុងជំនួបពិភាក្សារវាងលោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកនៅភ្នំពេញ និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៦។នេះបើតាមបណ្តាញសង្គមផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

លោកស្រី Aleks Zittle បានបញ្ជាក់ថា ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរ តាមរយៈ ការបញ្ជាទិញយន្តហោះ ប៊ូអ៊ីង (Boeing) ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុងតម្លៃ ៣.២ ពាន់លានដុល្លារអាមេរិក ក៏ដូចជា ការវិនិយោគ ១០០ លានដុល្លារអាមេរិក របស់សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍សហរដ្ឋអាមេរិក (DFC) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលស្របទៅនឹង ផែនការរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារនៅអាកាសយានដ្ឋានថ្មីនេះ។
លោកស្រី មានប្រសាសន៍ថា៖ «ចាប់ពីយន្តហោះដែលផលិតនៅសហរដ្ឋអាមេរិក និងការវិនិយោគរបស់អាមេរិក រហូតដល់ការពង្រីកសមត្ថភាពកម្ពុជាក្នុងវិស័យអាកាសចរណ៍ និងភស្តុភារ នេះបង្ហាពីថា កិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរបស់យើងកំពុងបង្កើតឱកាសថ្មីៗ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជាដូចគ្នា»។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានចុះកិច្ចព្រមព្រៀងបញ្ជាទិញហោះ Boeing 737 Max ចំនួន ១០ គ្រឿង ដែលគ្រោងនឹងប្រគល់ឱ្យនៅឆ្នាំ២០៣១។ ការបញ្ជាទិញយន្តហោះ ប៊ូអ៊ីង គឺ ដើម្បីធ្វើឱ្យប្រសើរឡើងនៃប្រភេទយន្តហោះ និងលទ្ធភាពពង្រីកបណ្តាញហោះហើរ ដែលជាយុទ្ធសាស្ត្រប្រើប្រាស់ប្រភេទយន្តហោះចម្រុះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ហើយវាក៏រជួយសម្រួលដល់ប្រតិបត្តិការហោះហើរចម្ងាយឆ្ងាយ ឆ្លងទ្វីប និងការតភ្ជាប់ដោយផ្ទាល់ទៅកាន់តំបន់អាមេរិកខាងជើង ផងដែរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា៖ «ការពង្រីកប្រភេទយន្តហោះនេះដើរតួជាកាតាលីករផ្ទាល់សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលជាមណ្ឌលអាកាសចរណ៍ថ្នាក់ 4F គាំទ្រដោយកញ្ចប់ហិរញ្ញប្បទាន ១០០លានដុល្លារ ពី DFC របស់សហរដ្ឋអាមេរិក។ តាមរយៈការផ្លាស់ប្តូរកម្ពុជាពីគោលដៅហោះហើរធម្មតាទៅជាមជ្ឈមណ្ឌល មូលដ្ឋានប្រតិបត្តិការយន្តហោះដ៏រឹងមាំ យុទ្ធសាស្ត្រនេះជួយពន្លឿនការបង្កើតសេវាកម្ម MRO (ការថែទាំ ការជួសជុល និងការកែលម្អ), ការបណ្តុះបណ្តាលអាកាសចរណ៍, និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមស្តង់ដា ICAO និង IATA»។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក៏នឹងបញ្ជាទិញយន្តហោះ COMAC C909 របស់ចិនចំនួន ១០គ្រឿង ដែលគ្រោងនឹងដាក់ឱ្យដំណើរការហោះហើរជាផ្លូវការនៅចុងឆ្នាំ២០២៦នេះ ក្រោមការត្រួតពិនិត្យ របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីក្ដោបក្តាប់ការតភ្ជាប់ក្នុងតំបន់ និងទីផ្សារបន្ទាប់បន្សំរវាងចិន-អាស៊ាន៕ អត្ថបទ៖ ធូ វិរៈ



