ខណៈការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានកំពុងដំណើការ ក្រុមគ្រូបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ (TVET) បានអំពាវនាវ និងលើកទឹកចិត្តយ៉ាងទទូចដល់យុវជនកម្ពុជា ឱ្យងាកមកចាប់អារម្មណ៍ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកជំរុញ និងឆ្លើយតបទៅនឹងភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ប្រទេសជាតិនាពេលអនាគត។
ស្របពេលដែលយុវជនជាច្រើនកំពុងផ្តោតលើការសិក្សាថ្នាក់បរិញ្ញាបត្រតាមសាកលវិទ្យាល័យ ក្រុមអ្នកជំនាញ និងគ្រូបណ្តុះបណ្តាលមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសនានា បានគូសបញ្ជាក់ថា ជំនាញឯកទេសច្បាស់លាស់ គឺជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតឱកាសការងារភ្លាមៗសម្រាប់យុវជន។ ការសិក្សាលើប្រព័ន្ធជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ (TVET) មិនត្រឹមតែចំណាយពេលខ្លី និងមានការអនុវត្តផ្ទាល់ច្រើនជាងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានចម្លងយុវជនទៅកាន់អាជីពមួយដែលមានស្ថិរភាព និងប្រាក់ចំណូលខ្ពស់ ស្របតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន និងរោងចក្រសហគ្រាសនាពេលបច្ចុប្បន្ន។
ក្រុមព្រឹទ្ធបុរសមហាវិទ្យាល័យជំនាញផ្នែកផ្សេងៗគ្នា នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ហៅកាត់ (PPI) បានលើកឡើងឱ្យដឹងថា ការចូលរួមរបស់យុវជននៅក្នុងវិស័យបចេ្ចកទេស និងវិជ្ជាជីវៈ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ ខណៈរាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្តល់អាហារូបករណ៍ ក៏ដូចជាការបណ្តុះបណ្តាលដោយឥតគិតថ្លៃដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យថែមទៀតផង ដើម្បីធានាថាគ្រប់គ្នាសុទ្ធតែមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។
ក្រុមព្រឹទ្ធបុរស បានបន្ថែមទៀតថា ហេតុនេះ ទោះបីជាលទ្ធផលប្រឡងបាក់ឌុបចេញមកបែបណាក៏ដោយ វិស័យជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតែជាទ្វារចំហរ និងជាឱកាសមាសសម្រាប់យុវជនគ្រប់រូប ក្នុងការកសាងអនាគតខ្លួនឯង និងចូលរួមអភិវឌ្ឍសង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត មិនត្រឹមតែជាគ្រឹះស្ថានកសាងអនាគតដ៏ភ្លឺស្វាងរបស់យុវជនម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករស្នូល ក្នុងការរុញច្រាននាវាកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាលើឆាកអន្តរជាតិ។ ជាពិសេសថា យុវជនមានជំនាញ ជាតិមានការអភិវឌ្ឍ៕ អត្ថបទ៖ ឈិត បូរ៉ាវី





