ស្ទឹងត្រែង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធដែលបានរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅបានយ៉ាងរលូនល្អ និងទទួលបានលទ្ធលផយ៉ាងគាប់ប្រសើរ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកឡើងថា កាលពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ តាមបណ្ដាខេត្តមានការប្រកួតប្រជែងគ្នាក្នុងការកសាងសមិទ្ធផលសាធារណៈនៅតាមបណ្ដាខេត្តដែលនេះ គឺជាសមិទ្ធផលដ៏ល្អមួយ ខណៈសម្ដេចជំរុញលើកទឹកចិត្តចំពោះការគិតគូរដល់អ្នកនៅមូលដ្ឋានក្នុងខេត្តផ្ទាល់បែបនេះ កុំរំពឹងតែអ្នកខាងក្រៅចូលមកខេត្ត។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី កោតសរសើរចំពោះការអភិវឌ្ឍរបស់ខេត្តស្ទឹងត្រែង ជាពិសេសការយកចិត្តទុកដាក់គិតគូរលើការអភិវឌ្ឍទីទាំងសាធារណៈ សួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានដើរលេងកម្សាន្ត និងលេងកីឡា ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខុមាលភាពប្រជាជន។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសពលរដ្ឋខេត្តស្ទឹងត្រែង ដែលបានជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធានគណបក្ស, គណបក្សប្រជាជនបានកសាងប្រទេសតាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ដោយបានឈរលើមាគា៍នៃនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ បាននាំមកនូវសន្ដិភាព និងឯកភាពជាតិពេញលេញ ធ្វើឱ្យប្រទេសកម្ពុជា និងខេត្តស្ទឹងត្រែងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទោះបីជាខេត្តនៅទិសទិសឦសាន ជាប៉ូលសេដ្ឋកិច្ចមិនទាន់អាចប្រៀបធៀបបានជាមួយ ខេត្តសៀមរាប ភ្នំពេញ និងសីហនុ ប៉ុន្ដែខេត្តក៏មានសក្ដានុពលមួយចំនួនដែលខេត្តផ្សេងៗគ្មានដែរ ដូចជាវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ជាដើម។ ដូច្នេះសម្ដេចឱ្យពិនិត្យមើលអ្វីខេត្តមាន ដើម្បីទាញយកសក្ដានុពលមកប្រើប្រាស់ ប៉ុន្ដែចំណុចសំខាន់បំផុតនោះ គឺខេត្តត្រូវធានាឱ្យបាននូវសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្ត។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចាត់ទុក ខេត្តស្ទឹងត្រែង គឺជាខេត្តមួយដែលជាអាទិភាពមួយនៅក្នុងរឿងកិច្ចការសន្ដិសុខ។ សម្ដេចបានកោតសរសើរដល់គណៈបញ្ជាឯកភាពខេត្ត ដែលបានចូលរួមក្នុងការថែរក្សាសន្ដិសុខខេត្ត ខណៈខេត្តស្ទឹងត្រែង គឺជាខេត្តឆ្លងកាត់ធំទាក់ទងនឹងប្រទេសឡាវ និងប្រទេសមួយចំនួន ដែលទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនដែលចាំបាច់ត្រូវការពង្រឹងការគ្រប់គ្រង។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កន្លងទៅខេត្តស្ទឹងត្រែង មានការចាប់ ការបំផ្លាញនូវសកម្មភាពខុសច្បាប់ឆ្លងដែន ឆ្លងកាត់ រត់ពន្ធគ្រឿងញៀនដែន ដែលចូលពីប្រទេសផ្សេង មកកម្ពុជា ដើម្បីឆ្លងកាត់ដើម្បីឆ្លងដែន ដូច្នេះការទប់ទល់នេះគឺជាកិច្ចការសំខាន់។
- សម្ដេចធិបតី បញ្ជាឱ្យអាជ្ញាធរគ្រប់សមត្ថកិច្ចរបស់ខេត្តស្ទឹងត្រែង បន្តពង្រឹងការទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ដោយធ្វើយ៉ាងណាកុំឱ្យខេត្ត មានពាក់ព័ន្ធជាមួយអ្វីដែលគ្រោះថ្នាក់ ដែលជាសេដ្ឋកិច្ចខ្មៅ យកចូលក្នុងខេត្តឱ្យសោះ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ខេត្តឆ្ងាយវាមានបញ្ហាសម្រាប់មុខរបរខ្លះ ប៉ុន្ដែវាក៏អំណោយផលសម្រាប់មុខរបរដែលមិនចង់ឱ្យគេឃើញ មុខរបរដែលអាចប៉ះពាល់ទៅដល់សន្ដិសុខសង្គម អីចឹងគឺត្រូវធ្វើម៉េចទប់ទល់ក្រុមបណ្ដាញឧក្រិដ្ឋកម្មមិនថានៅក្នុងខេត្ត ឬមួយក៏ឆ្លងខេត្ត ឬឆ្លងប្រទេស គឺត្រូវតែរួមគ្នាទប់ស្កាត់ឱ្យបាន និងទប់ស្កាត់ឱ្យបានម៉ឹងម៉ាត់ ព្រោះបើខេត្តមានមុខមាត់អាក្រក់ហើយ គឺលំបាកលាងសម្អាតណាស់ ដូច្នេះត្រូវរក្សាឱ្យបាននៅការទប់ស្កាត់បញ្ហានេះ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរំឭកថា កាលពីពេលដែល ឯកឧត្តម សរ សុពុត្រា បានទទួលតំណែងជាអភិបាលខេត្តហើយជួបសម្ដេច, សម្ដេចបានផ្ដាំថា «គោលការណ៍ធំមួយដែលបានទទួលការងារ សូមកុំគិតថា តើក្នុងតួនាទីនេះ ខ្ញុំទទួលបាន ខ្ញុំយកបានអីខ្លះ គឺអត់ទេណា, ត្រូវគិតថា ក្នុងការដែលខ្ញុំជាអភិបាលខេត្ត មិនថាខ្ញុំនៅប៉ុន្មានឆ្នាំទេ សំខាន់តើខ្ញុំកសាងស្មាដៃអីខ្លះទុកបន្សល់ដល់ប្រជាជនអ្នកខេត្ត នេះហើយដែលត្រូវជាគោលដៅបានត្រូវ។ បើដាក់មកគ្រាន់តែបានតួនាទី គិតថា តើខ្ញុំនឹងបានអីខ្លះ ផលអីខ្លះចូលខ្ញុំតាមរយៈតួនាទីនោះចប់ហើយ»។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា «តាមរយៈតួនាទីនេះ តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីបន្សល់ទុកជូនប្រទេសជាតិ ដែលជាភារកិច្ចស្នូលក្នុងការបម្រើរាស្រ្ដ នេះគឺជាកិច្ចការសំខាន់។ ដូច្នេះមន្រ្ដីរាជការទាំងអស់ជាពិសេសអ្នកដឹកនាំស្ថាប័ន គឺជាគោលការណ៍ធំណាស់គោលនយោបាយដែលត្រូវ ដូច្នេះត្រូវគិត»។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំគម្រោងធ្វើផ្លូវ ៧៨ កន្លះ ពីបានឡុង ទៅតំបន់កន្ទុយនាគ។ សម្ដេចបញ្ជាក់ថា តំបន់កន្ទុយនាគ គឺជាតំបន់ដែលអត់ទាន់មាននរណាធ្លាប់ទៅទេពីខាងដីកម្ពុជា បើចូលទៅឥឡូវកន្លែងចោតពេក ដូច្នេះទាល់តែទៅសុំចូលពីខាងប្រទេសវៀតណាមត្រលប់ចូលមកវិញ, ដូច្នេះសម្ដេចបានឱ្យគោលការឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ដោយត្រូវធ្វើម៉េចពុះពារធ្វើឱ្យបានមិនថាចម្ងាយណាទេ ត្រូវតែធ្វើឱ្យបានចូលពីដីខ្មែរឱ្យដល់កន្ទុយនាគ ដើម្បីឱ្យកូនខ្មែរបានទៅមើលកន្លែងតំបន់ខាងចុង មុំបី រវៀងកម្ពុជា វៀតណាម ឡាវ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អរគុណជាថ្មីដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលក្នុងយុទ្ធនាការ ៦៦ ថ្ងៃ មានអ្នកចូលរួម ៧២ម៉ឺនអង្គ/នាក់ សរុបថវិកាបានជិត ២៧លានដុល្លារ។ តាមគម្រោងធ្វើផ្លូវថ្មីចំនួន ៤ខ្សែ ក្នុងភូមិសាស្រ្ដខេត្តមណ្ឌលគិរី រតនគិរី ខណៈគិតមកដល់ពេលនេះការងារសាងសង់សម្រេចបានប្រមាណ ៩៥ភាគរយហើយ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្ដេចបានឱ្យក្រុមវិស្វកម្មកសាងផ្លូវក្រវាត់ព្រំដែនឱ្យធ្វើសិលាចារឹកធំមួយដោយសរសេរថា «ផ្លូវនេះត្រូវបានកសាងឡើងក្រោម មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលមានការចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេស។ ហើយប្រជាពលរដ្ឋសូមអញ្ជើញមកមើលផ្លូវ ដែលខ្លួនបានចូលរួម ហើយអ្នកដែលមិនបានចូលក៏អញ្ជើញមកមើលដែរ ព្រោះក៏ជាផ្លូវសម្រាប់ប្រទេសជាតិរបស់យើង ដែលកើតឡើងពីស្មារតីនៃការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង។

















