ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធបានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១១ឆ្នាំ២០២៦នៅប្រទេសម៉ុងហ្គោលី (ថ្ងៃទី០៣-៩ ខែសីហា ឆ្នាំ២០២៦) កាលពីរំលងអាធ្រាត្រចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។
ប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមកែវ រ៉េមី បានមានប្រសាសន៍ដោយរំលេចពីពេលចាប់ផ្ដើមការប្រកួតចេញពីកីឡាករថ្នាល ហើយធ្វើបានល្អឈ្នះមេដាយមាសតែម្ដង។ លើសពីនេះកីឡាកររបស់កម្ពុជាក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលដោយឈ្នះម្ចាស់ជើងឯកពិភពលោក និងឈ្នះលើប្រទេសខ្លាំងៗមួយចំនួនរួមទាំងម្ចាស់ក្បាច់គុនដែរ។
សូមបញ្ជាក់ថា ជារួម ការចូលរួមប្រកួតលើកនេះកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈបីធំៗដូចជា
១. ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតតេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១២ឆ្នាំ២០២៨ ដោយបានយកឈ្នះប្រទេសអូសបេគីស្ថាន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន
២. ដណ្ដើមបានមេដាយដ៏ច្រើនដល់ទៅ ៤១គ្រឿង (មាស៨គ្រឿង ប្រាក់១២គ្រឿង និងសំរឹទ្ធ២១)
៣. ទទួលបានពានប្រចាំប្រទេសចំណាត់ថ្នាក់លេខ២ក្នុងចំណោម ២៥ ប្រទេស ៕








