វាយសី៖ កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានចាត់ទុកការប្រកួតកីឡាវាយសីក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ គឺជាការបើកផ្លូវដើម្បីស្វែងរកថ្នាលល្អៗមកបណ្ដុះជាកីឡាករ-កីឡាការិនីកម្រិតខ្ពស់សម្រាប់ថ្ងៃអនាគត។
ការលើកឡើងនេះបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចូលប្រភេទកីឡាវាយសី ក្នុងកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិលើកដំបូង និងបានបញ្ចប់ការប្រកួតដោយជោគជ័យកាលពីចុងសប្ដាហ៍កន្លងទៅ នៅក្លិបវាយសីភ្នំពេញនៃអាគារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ ឯកឧត្តមបានបញ្ជាក់ថា ការប្រកួតនេះ បានបើកផ្លូវបន្ថែមមួយទៀតនៃជំហានឆ្ពោះទៅមុខរបស់វិស័យកីឡាវាយសីកម្ពុជា ព្រោះគឺជាលើកទី១ ហើយដែលសហព័ន្ធបានរៀបចំការប្រកួតសិស្សបឋមថ្នាក់ជាតិ ដើម្បីជ្រើសរើសយកថ្នាលល្អៗមកបណ្ដុះជាកីឡាករ-កីឡាការិនីមានទេពកោលសល្យខ្ពស់ក្នុងពេលអនាគត។
ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតកម្រិតកុមារអាយុក្រោម ១២ឆ្នាំនេះមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦៧នាក់មកពី ៦រាជធានី-ខេត្ត ខណៈលទ្ធផលជារួមគឺក្រុមសិស្សានុសិស្សមកពីខេត្តត្បូងឃ្មុំឈ្នះមេដាយច្រើនជាងគេសរុប ៥គ្រឿង (មាស ៣ និងប្រាក់ ២) ហើយរាជធានីភ្នំពេញឈរលេខ២ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១ និងខេត្តព្រៃវែងឈរលេខ៣ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១៕
អត្ថបទ៖ លី ឈុនឡា