ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។
កិច្ចប្រជុំកំពូលពិសេសនេះ គ្រោងធ្វើឡើងនៅថ្ងៃទី១២ -១៣ ខែឧសភា ឆ្នាំ២០២២ រវាងប្រមុខមេដឹកប្រទេសតំបន់អាស៊ាន ជាមួយលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។
កិច្ចប្រជុំដ៏សំខាន់មួយនេះ នឹងជជែកគ្នាលើប្រធានបទ៖ ការឆ្លើយតបនឹងជំងឺកូវីដ-១៩ បញ្ហាសន្តិសុខសកល ,បម្រែបម្រួលអាកាសធាតុ ,ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នា នឹងគ្នា,បញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម៕


