បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក English Premier League, Manchester City បានទុកបរាជ័យនៅ Champions League មួយឡែកដោយបានយកឈ្នះ Newcastle ៥-០ ឡើងនាំមុខដាច់ក្នុងតារាង ៣ពិន្ទុពីក្រុមលេខ ២ Liverpool។

Liverpool និង Spurs ជួបគ្នានៅ Anfield កាលពីថ្ងៃសៅរ៍បានត្រឹមស្មើគ្នា ១-១ ដែលធ្វើឱ្យ Manchester City ដាច់ខាត់ត្រូវតែឈ្នះប្រកួតទល់នឹង Newcastle ដើម្បីឱកាសកាន់តែកៀកគ្រងជើងឯករដូវកាលនេះ។ Raheem Sterling និង Aymeric Laporte រកបានម្នាក់មួយគ្រាប់ក្នុងវគ្គទី១ មុនពេលដែល Rodri, Phil Foden រកបានម្នាក់មួយគ្រាប់ ខណៈ Sterling រកបានគ្រាប់ទីពីររបស់ខ្លួននៅចុងម៉ោង។

គិតត្រឹមសប្តាហ៍ទី៣៥ នេះ Manchester City មាន ៨៦ពិន្ទុ ខណៈ Liverpool ៣៥ប្រកួតដូចគ្នាមាន ៨៣ពិន្ទុ។ បីប្រកួតចុងក្រោយរបស់ក្រុមទាំងពីររួមមាន Manchester City ត្រូវទៅតឹកដី Wolves ថ្ងៃពុធនេះ, ទៅទឹកដី West Ham និងចុងក្រោយទទួល Aston Villa។ ចំណែក Liverpool ត្រូវទៅទឹកដី Aston Villa ថ្ងៃអង្គារនេះ, ទៅទឹកដី Southampton និងចុងក្រោយទទួល Wolves ថ្ងៃបិទរដូវកាល៕
អត្ថបទ៖នាង សុភាវុធ