ក្រុមហ៊ុនក្រៅស្រុកមួយ កំពុងសិក្សាសមិទ្ធិលទ្ធភាពលើគ្រប់ទិដ្ឋភាពបច្ចេកទេស ពាណិជ្ជកម្ម និងប្រតិបត្តិការ សម្រាប់គម្រោង អភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ, ជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និង សក្ដានុពលខ្ពស់។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូនគណៈប្រតិភូនៃក្រុមហ៊ុន SEMMARIS នៃប្រទេសបារាំង ដឹកនាំដោយលោក Thierry Febvay ប្រធានផ្នែកអភិវឌ្ឍន៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបពិភាក្សាការងារនេះ រៀបចំឡើងខណៈដែលក្រុមហ៊ុន SEMMARIS កំពុង បំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២១ ខែសីហា ដើម្បីសម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាព លើគ្រប់ ទិដ្ឋភាពបច្ចេកទេស ពាណិជ្ជកម្ម និងប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ។ គម្រោងនេះក្រោមកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន SEMMARIS និងក្រុមហ៊ុន WorldBridge Group ដែលបានចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។
លោក Thierry Febvay បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីបទពិសោធន៍ និងឧត្តមភាពរបស់ SEMMARIS ក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការផ្សារ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាផ្សារបោះដុំអាហារស្រស់ដ៏ធំបំផុតមួយក្នុង ពិភពលោក។ លោកបានបញ្ជាក់ពីបំណងក្នុងការនាំយកជំនាញបច្ចេកទេស ព្រមទាំងគម្រូនៃការរៀបចំ និងគ្រប់គ្រងស្តង់ដារអន្តរជាតិ មកចូលរួមអភិវឌ្ឍប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) នៅកម្ពុជាផងដែរ។ ជាមួយគ្នានោះ តំណាងក្រុមហ៊ុនក៏បានជម្រាបជូន ពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព និងបានស្នើសុំអនុសាសន៍ណែនាំ ព្រមទាំងការគាំទ្រ ការសម្របសម្រួលនីតិវិធី និងកិច្ច សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការរៀបចំយុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព។
ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែង ឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្មវិស័យកសិកម្ម ការ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ឧស្សាហកម្មកែច្នៃកសិផល និងម្ហូបអាហារ ដើម្បីផ្តល់តម្លៃបន្ថែមទៅលើទិន្នផល ដែលបង ប្អូនប្រជាកសិករផលិតបាន។ ឯកឧត្តម បានបង្ហាញពីជំហររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់កិច្ចសម្រួល និងការគាំទ្រយ៉ាង ពេញទំហឹង លើដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ដើម្បីប្រែក្លាយគម្រោងនេះឱ្យលេចចេញជារូបរាងពិតប្រាកដ។
សូមបញ្ជាក់ថា ជំនួបពិភាក្សាការងារនេះ បានបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈរួម រវាងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក.អ.ក. និងក្រុមហ៊ុន SEMMARIS ព្រមទាំងដៃគូវិនិយោគ ក្នុងការបន្តផ្តល់កិច្ចសហការជិតស្និទ្ធទៅវិញទៅមកលើគ្រប់ទិដ្ឋភាព។ គម្រោងបង្កើតផ្សារបោះដុំ កសិផល និងអាហារស្រស់កម្រិតអន្តរជាតិនេះ ត្រូវបានវាយតម្លៃថា ជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និងសក្ដានុពល ខ្ពស់ ដែលមិនត្រឹមតែចូលរួមធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏សំខាន់ ក្នុងការបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនបងប្អូន ប្រជាកសិករ ព្រមទាំងលើកកម្ពស់សន្តិសុខស្បៀង និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក នាពេល អនាគតផងដែរ៕







