យោងតាមក្រុមអាជ្ញាធរយោធាចិន កងទ័ពជើងទឹកចិន និងឥណ្ឌូនេស៊ីបានបញ្ចប់សមយុទ្ធនាវាចរណ៍កងទ័ពជើងទឹកដោយជោគជ័យនៅក្នុងដែនទឹកភាគខាងកើតកោះតៃវ៉ាន់របស់ប្រទេសចិនកាលពីថ្ងៃពុធ ១២ សីហា សប្ដាហ៍នេះ។

សេចក្តីថ្លែងការណ៍យោធាមួយបាននិយាយថា សមយុទ្ធនេះមានការចូលរួមពីនាវាចម្បាំងចិន Honghe និងនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌូនេស៊ី KRI I Gusti Ngurah Rai។

ក្នុងអំឡុងពេលសមយុទ្ធ នាវាចម្បាំងទាំងពីរបានបង្កើតជាកងនាវាចរមួយ និងបានធ្វើសមយុទ្ធជាក់ស្តែងដែលគ្របដណ្តប់លើការទំនាក់ទំនងតាមសមុទ្រ សមយុទ្ធកងនាវា និងការបំពេញបន្ថែម។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា បន្ទាប់ពីផែនការសមយុទ្ធដែលបានរៀបចំទុកជាមុន ភាគីទាំងពីរបានធ្វើសមយុទ្ធប្រកបដោយភាពបត់បែន សម្របសម្រួលយ៉ាងជិតស្និទ្ធ និងសម្រេចគោលដៅដែលបានកំណត់ទាំងអស់ដោយជោគជ័យ។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា សមយុទ្ធនេះបានបង្ហាញពីឆន្ទៈ និងសមត្ថភាពរបស់កងទ័ពជើងទឹកទាំងពីរក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងចូលរួមចំណែករួមគ្នាដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
អាជ្ញាធរកិច្ចការបរទេសកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធដែរថា ខ្លួនបានស្នើសុំឱ្យប្រទេសឥណ្ឌូនេស៊ីបញ្ជាក់ឱ្យច្បាស់អំពីសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅភាគខាងកើតនៃកោះតៃវ៉ាន់ ដែលប្រកាសដោយប្រទេសចិន ខណៈទីក្រុងហ្សាការតាបានហៅសកម្មភាពកងទ័ពជើងទឹកដែលបានគ្រោងទុករបស់ខ្លួនថាជា «សមយុទ្ធហ្វឹកហាត់» ដែល «មិនមែនជាការប្រយុទ្ធគ្នាក្នុងសង្គ្រាមទេ»៕
