កម្ពុជានឹងរៀបចំការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅក្រុងសៀមរាប ដោយមានប្រតិភូ និងអត្តពលិកមកពី ៨ប្រទេសត្រៀមចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើទឹកដីអង្គរនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីស៊ូកម្ពុជា ក្នុងនាមម្ចាស់ផ្ទះបានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ប្រតិភូកីឡា និងកីឡាករ-កីឡាការិនីមកពីតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយព្រឹត្តិការណ៍នេះ មានការចុះឈ្មោះចូលរួមប្រកួតតាមវិញ្ញាសាសរុបចំនួន ៩៦៤នាក់ មកពី ៨ប្រទេស គឺមានឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី វៀតណាម និងម្ចាស់ផ្ទះកម្ពុជា។
ចំពោះវិញ្ញាសាប្រកួត ដែលសហព័ន្ធត្រៀមរៀបចំ គឺមានចាប់ពីកម្រិតកុមារអាយុក្រោម ១០ឆ្នាំ រហូតដល់ក្រុមធំ ទាំងវិញ្ញាសាសម្ដែង និងប្រយុទ្ធ។ អត្តពលិកដែលចូលរួមនឹងមកបង្ហាញមិនត្រឹមតែសមត្ថភាព របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការតាំងចិត្ត ការខិតខំប្រឹងប្រែង វិន័យ ការលះបង់ និងការហ្វឹកហាត់រាប់មិនអស់ជារៀងរាល់ថ្ងៃ ដែលបាននាំពួកគេមកដល់ឆាកដ៏សំខាន់នេះផងដែរ។
លើសពីការប្រកួត ដោយសារព្រឹត្តិការណ៍ប្រចាំតំបន់នេះ ធ្វើឡើងនៅលើទឹកដីអច្ឆរិយអង្គរ ក៏អាចអនុញ្ញាតឲ្យអត្តពលិកទាំងអស់ បានឆ្លៀតពេលធ្វើដំណើរកម្សាន្ដលើទឹកដីប្រវត្តិសាស្ដ្រដ៏អស្ចារ្យ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលអាចផ្ដល់នូវផលចេញ ទាំងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិទៀតផង ។ នេះបើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ជុំវិញការកំណត់យកខេត្តសៀមរាប ដើម្បីរៀបចំការប្រកួត កាលពីថ្មីៗ៕ អត្ថបទ លី ឈុនឡា




