វាយកូនបាល់៖ កីឡាករអាល្លឺម៉ង់លំដាប់លេខ៧ ពិភពលោក Alexander Zverev បានក្លាយជាជើងឯកនៃការប្រកួតកម្មវិធី Mexican Open ក្រោយឈ្នះកីឡាករក្រិក Stefanos Tsitsipas នៅវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតនេះ Zverev បានយកឈ្នះលទ្ធផល ៦-៤ និង ៧-៦ ដែលជាជ័យជំនះលើកទី២ សំរាប់កីឡាករអាល្លឺម៉ង់រូបនេះក្នុងជំនួប ៧លើកទល់នឹង Tsitsipas។

មុនមកដល់វគ្គនេះ មានហេតុការណ៍រញ្ជួយដីមួយកើតឡើងនៅទីក្រុង Acapulco ប្រទេសម៉ិកស៊ិកដែលមានកំរិត ៥.៧រិចទ័រ ស្របពេលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី Mexican Open រវាងកីឡាករអាល្លឺម៉ង់ទាំងពីរ Alexander Zverev និង Dominik Koepfer។ ហេតុការណ៍រញ្ជួយដីនោះគឺនៅពេលកីឡាករ Dominik Koepfer ជាអ្នកចេញសេវានៅសិតទី២។ ការប្រកួតនេះ Alexander Zverev បានយកឈ្នះ Dominik Koepfer លទ្ធផល ៦-៤ និង ៧-៦(៧-៥)។ Zverev បាននិយាយថា គេមិនបានដឹងថា មានរឿងអ្វីកើតឡើងឡើយ ស្របពេលកីឡដ្ឋានមានការរញ្ជួយ៕
អត្ថបទ៖នាង សុភាវុធ