ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកាត់ថា គ.ជ.ប គ្រោងនឹងបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២នៅចុងខែឧសភាខាងមុខនេះ។
នៅថ្ងៃទី៩ខែឧសភានេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២ កំពុងប្រព្រឹត្តទៅដោយអចិន្ត្រៃយ៍ទាំងយប់ទាំងថ្ងៃ ហើយតាមការគ្រោងទុកការបោះពុម្ពសន្លឹកឆ្នោតនេះ នឹងបញ្ចប់នៅទី២៨ ឫ២៩ ខែឧសភាខាងមុខនេះ។
ឯកឧត្តម បន្តថា បច្ចុប្បន្នរាជធានី-ខេត្តចំនួនបី រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកែប ដែលជាខេត្តត្រូវបោះពុម្ពសន្លឹកឆ្នោតចុងក្រោយគេ ហើយការបោះពុម្ពសន្លឹកឆ្នោតនេះ ទៀតសោត គឺត្រូវការពិនិត្យឱ្យម៉ត់ចត់ ប្រសិនបើបោះពុម្ពរួចហើយ មានភាពខុសប្រក្រតី នឹងត្រូវបោះពុម្ពសាឡើងវិញ។
ឯកឧត្តមហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ មានសន្លឹកឆ្នោតត្រូវបានបោះពុម្ព ចំនួន ១.៦៥២ ប្រភេទ ស្មើនឹងចំនួន ១.៦៥២ ឃុំ សង្កាត់ពីព្រោះថា ឃុំ សង្កាត់នីមួយៗមានចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមិនដូចគ្នានោះទេ។ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មាន ១៧ (ដប់ប្រាំពីរ) គណបក្ស។ ក្នុងចំណោម ១៧ គណបក្សនយោបាយនេះ គណបក្សខ្លះចុះបញ្ជីបេក្ខជនជាង ១.៦០០ ឃុំ សង្កាត់ គណបក្សខ្លះចុះបញ្ជីបេក្ខជនមិនដល់ ១.០០០ ឃុំ សង្កាត់ទេ។
ដូច្នេះហើយសន្លឹកឆ្នោតមានប្រភេទខុសៗគ្នា អាស្រ័យតាមចំនួនគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងតាមលទ្ធផលនៃការចាប់ឆ្នោត កំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ មានចំនួនជាង៩លាននាក់ ការិយាល័យបោះឆ្នោត មានជាង២ម៉ឺនការិយាល័យ ហើយសន្លឹកឆ្នោត ត្រូវបោះពុម្ពមានប្រមាណ ១១លានសន្លឹក រួមនឹងសន្លឹកឆ្នោតបម្រុងប្រមាណ ១លានសន្លឹកផងដែរ៕
អត្ថបទ៖ទូច សោភ័ណ




