ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកឡើងវិញតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះថា ប្រមុខរាជរដ្ឋាភិបាលមានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធា ដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលខ្លួនបានហ្វឹកហាត់ចំណេះជំនាញមួយដ៏មានសារសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅពេលណាដែលជាតិត្រូវការ ជំនួសឱ្យការព្រួយបារម្ភពីការខាតប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងអំឡុងពេលនៃការចូលបំពេញកាតព្វកិច្ចយោធា។
ឯកឧត្តមថ្លែងថា៖«សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់រយៈពេលជាង១ឆ្នាំចុងក្រោយនេះ ជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវត្រៀមខ្លួនដើម្បីជួយជាតិ តាមរយៈការប្រែក្លាយស្មារតីស្នេហាជាតិឱ្យទៅជាកម្លាំងដ៏រឹងមាំពិតប្រាកដមួយ និងត្រៀមលក្ខណៈជាស្រេចដើម្បីជួយប្រទេសជាតិ នៅពេលដែលជាតិត្រូវការ»។
សូមជម្រាបថា អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពកាតព្វកិច្ចយោធាត្រូវបានរាជរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែសីហា។
អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពកាតព្វកិច្ចយោធា បានកំណត់ច្បាស់លាស់នូវលក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការព្យារពេល អំពីប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ការលើកទឹកចិត្ត ព្រមទាំងបែបបទ និងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារ ឬបន្តការសិក្សាឡើងវិញដើម្បីធានាថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៧ដល់២៥ឆ្នាំ សម្រាប់ការធ្វើជំរឿន និងពី១៨ ដល់ ២៥ ឆ្នាំ សម្រាប់ការបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ។ ការជ្រើសរើសប្រជាពលរដ្ឋឱ្យចូលបំពេញកាតព្វកិច្ចយោធាត្រូវអនុវត្តតាមរយៈការស្ម័គ្រចិត្ត និងតាមរយៈការចាប់ឆ្នោត។ ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសត្រូវទទួលបានការអញ្ជើញដោយផ្ទាល់ដល់សាម៉ីខ្លួនទៅតាមចំនួនតម្រូវការប្រចាំឆ្នាំ។
តាមអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពកាតព្វកិច្ចយោធាប្រជា បញ្ជាក់ថា ពលរដ្ឋដែលជាសិស្ស និស្សិត ដែលកំពុងសិក្សា ជនអន្តោប្រវេសន៍ការងារ ឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស អាចទទួលបានការអនុញ្ញាតឱ្យពន្យារពេល១ឆ្នាំម្តងៗ ចំនួន៤ដង ចំពោះការអនុវត្តកាតព្វកិច្ចយោធា។ រយៈពេលនៃការពន្យារពេលត្រូវបូកបន្ថែមទៅលើអាយុដែលត្រូវបំពេញកាតព្វកិច្ចយោធា ដោយសាម៉ីខ្លួនត្រូវដាក់ពាក្យសុំពន្យារពេលដោយបញ្ជាក់មូលហេតុ និងមានការបញ្ជាក់ពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ច។
យោងតាមអនុក្រឹត្យបានឱ្យដឹងថា ពលរដ្ឋដែលអនុវត្តកាតព្វកិច្ចយោធានេះ ត្រូវទទួលប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗ ដូចជា៖ ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០ម៉ឺនរៀល និងគោលរបបផ្សេងៗមានដូចជា ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ និងរបបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខាចាំបាច់មួយចំនួនទៀត។
ចំណែគ យោធិនដែលមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការសង្គ្រោះ ព្យាបាល និងការថែទាំពីក្រសួងការពារជាតិ។ យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាបានទទួលការលើកទឹកចិត្តដូចជា មានអាទិភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅក្នុងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសាធារណៈ និងមានអាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារជាយោធិនអាជីពក្នុងកងយោធពលខេមរភូមិន្ទ៕



