អឺរ៉ុប៖ នៅសប្ដាហ៍នេះសហភាពអឺរ៉ុបបានប្រកាសពីសំណើដ៏ធំ លើបម្រាមនាំចូលប្រេងពីប្រទេសរុស្ស៊ីនៅត្រឹមដំណាច់ឆ្នាំ២០២២ នេះ។ បន្ទាប់ពីការចរចាដ៏តានតឹងដែលមានការជំទាស់ពីរដ្ឋជាសមាជិកមួយចំនួនរួមទាំងហុងគ្រី និងស្លូវ៉ាគី និងមន្ទិលជាសាធារណៈជុំវិញផលប៉ះពាល់នៃវិធានការនានា ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុបលោកស្រី Ursula Von Der Leyden បានប្រកាសថា វិធានការទាំងនេះនឹងត្រូវបានអនុវត្តសន្សឹមៗរហូតដល់ដំណាច់ឆ្នាំនេះ។

ចំណាត់ការនេះមិនបានធានាដល់ទីផ្សារទេ ដោយតម្លៃប្រេងឆៅបានហក់ឡើងយ៉ាងលឿនលើសពី ១១៤ដុល្លារអាមេរិកក្នុងមួយបារ៉ែលគិតត្រឹមព្រឹកថ្ងៃសុក្រសប្ដាហ៍មុន ហើយក្រុមមន្ត្រីក្រុង Moscow បានព្យាករណ៍ថា ប្លុកនេះនឹងនៅតែទិញប្រេងពីរុស្ស៊ីតាមរយៈប្រទេសទីបី និងអន្តរការី ជាយុទ្ធសាស្ត្រមួយដែលត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ដោយប្រទេសអ៊ីរ៉ង់ក្រោមការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិក។ ទោះបីជាវិធានការទីផ្សារតឹងតែងក៏ដោយ សម្រាប់ហេតុផលជាច្រើនសហភាពអឺរ៉ុបត្រូវបានកំណត់ថា ជាអ្នកចាញ់ដ៏ធំបំផុតនៃកិច្ចខិតខំប្រឹងប្រែងបែបនេះ។
បម្រាមដែលបានស្នើឡើងបង្ហាញពីភាពងាយរងគ្រោះ ជាយុទ្ធសាស្ត្រដ៏ធំមួយនៅក្នុងសន្តិសុខថាមពលរបស់ខ្លួន ដែលជាសមត្ថភាពរបស់រដ្ឋ ឬក្រុមរដ្ឋមួយចំនួន ដើម្បីធានាបាននូវការចូលប្រើប្រាស់ធនធានថាមពល នៅពេលដែលពួកគេមិនមានលទ្ធភាពផលិតបានគ្រប់គ្រាន់សម្រាប់ខ្លួនឯង៕
អត្ថបទ៖ សុខមាន