នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ធំ ក្រសួងបរិស្ថាន រៀបចំពង្រឹង «ការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័សក្នុងវិស័យបរិស្ថាន» ក្រោមអធិបតីភាព ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ឡេង ជីវិន អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងអង្គការ FAO និងសិក្ខាកាមសរុបប្រមាណ៨០នាក់ ។
លោកស្រី អាន ច័ន្ទសុភ័ក្ត្រ ទីប្រឹក្សា FAO បានលើកឡើងថា សិក្ខាសាលាដែលធ្វើឡើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពមន្ត្រីបរិស្ថានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ភាគីពាក់ព័ន្ធឱ្យមានជំនាញទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងការយល់ច្រឡំដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិ។
លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសិក្ខាសាលាដ៏មានប្រយោជន៍នេះឡើងនៅខេត្តកំពង់ធំ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះជំនាញបន្ថែមទាក់ទងការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័ស សំដៅធ្វើយ៉ាងណាបន្សាបព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ថ្លែងទៅកាន់សិក្ខាកាម ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការសរសេរព័ត៌មាន និងការឆ្លើយតបរហ័សដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹង និងការលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន។ ឯកឧត្តមបានថ្លែងបន្តថា វិស័យបរិស្ថានជាវិស័យដែលងាយប្រឈមនឹងព័ត៌មានមិនពិត និងការយល់ច្រឡំ ដូច្នេះការមានយន្តការឆ្លើយតបរហ័ស និងប្រកបដោយប្រសិទ្ធភាព គឺជាកត្តាចាំបាច់ដើម្បីការពារកេរ្តិ៍ឈ្មោះ និងភាពជឿជាក់របស់ក្រសួង។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ក្នុងការតាមដានព័ត៌មាន និងប្រតិកម្មសាធារណៈ ដើម្បីអាចផ្តល់ការឆ្លើយតបបានទាន់ហេតុការណ៍ ក៏ដូចជាទប់ស្កាត់ បន្សាបព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត។ ឯកឧត្តម បានចាត់ទុកថា ការរៀបចំសិក្ខាសាលានេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងការទំនាក់ទំនងសាធារណៈឱ្យកាន់តែមានតម្លាភាព និងឆ្លើយតបបានរហ័សដើម្បីបម្រើផលប្រយោជន៍ជាតិ។
គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាស្តីពី «ការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័សក្នុងវិស័យបរិស្ថាន» ដែលរៀបចំដោយអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន និងសហការគាំទ្រដោយអង្គការ FAO ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៤ ខែសីហា ឆ្នាំ២០២៦។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចម្បងៗមួយចំនួន៖ ១)ការកសាងសមត្ថភាពបច្ចេកទេសមន្ត្រីបរិស្ថានខេត្តជុំវិញបឹងទន្លេសាប រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ពីរបៀបសរសេរអត្ថបទ និងអនុវត្តិផ្ទាល់លើប្រសិទ្ធភាពនៃការសរសេរអត្ថបទព័ត៌មាន។ ២)ការធានាគុណព័ត៌មាន និងការកំណត់ប្រភេទព័ត៌មានក្លែងក្លាយក្នុងវិស័យបរិស្ថាន។ ៣)បច្ចេកទេសដំឡើងរូបភាព វីដេអូ ការរចនាក្រាហ្វិក និងការបង្ហាញព័ត៌មានឌីជីថល ដើម្បីជួយសម្រួលដល់ការផ្សព្វផ្សាយព័ត៌មានបរិស្ថានឱ្យបានឆាប់រហ័ស និងទូលំទូលាយដល់សាធារណជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាឌីជីថលទំនើប។







