ប្រណាំងកង់៖ កីឡាករប្រណាំងកង់អង់គ្លេស Mark Cavendish បានប្រជែងឈ្នះដំណាក់កាលទី៣ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia ដែលឈ្នះជ័យជម្នះនៅ Giro d’Italia នេះសរុប ១៦ដំណាក់កាលក្នុងអាជីព។

បីដំណាក់កាលដំបូងនៅ Giro d’Italia ឆ្នាំនេះគឺចេញដំណើរពីប្រទេសហុងគ្រី ខណៈដំណាក់កាល ៣ នេះជាដំណាក់កាលចុងក្រោយដែរនៅហុងគ្រីដែលមានចំងាយផ្លូវ ២១០គីឡូម៉ែត្រប្រណាំងលើស្ថានភាពផ្លូវរាបស្មើធម្មតា។ កីឡាករវ័យ ៣៦ឆ្នាំ Mark Cavendish ដែលចូលរួមការប្រកួតនេះជាលើកដំបូងតាំងពីឆ្នាំ២០១៣ នោះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៥៦នាទី ៣៩វិនាទី តាមពីក្រោយដោយកីឡាករបារាំង Arnaud Demare របស់ក្រុម FDJ និងលេខ៣ កីឡាករកូឡុំប៊ី Fernando Gaviria របស់ក្រុម UAE Team Emirate។ មិនមានការប្រកួតទេក្នុងថ្ងៃចន្ទនេះ ខណៈដំណាក់កាលទី៤ នឹងចាប់ផ្តើមនៅថ្ងៃស្អែកមានចំងាយផ្លូវ ១៦៦គីឡូម៉ែត្រប្រណាំងលើស្ថានភាពផ្លូវឡើងចុះភ្នំ៕
អត្ថបទ៖នាង សុភាវុធ